Header Ads

Header ADS

សូកូឡា


សូកូឡា 

សូកូឡា (English: Chocolate) ជាផលិតផល ដែលផលិតចេញពីគ្រាប់កាកាវ (Tropical cacao tr​e​e) នៅតំបន់ក្ដៅ ដែលនដើម​កំណើតនៅអាមេរិកកណ្ដាលនិងមិចស៊ិចនិងរកឃើញដោយជនជាតិឥណ្ឌាស្បែ​ក​ក្រហមនិងជនជាតិអ៊ែសទែក្ស (Aztecs) ហើយបច្ចុប្បន្នបានសាយភាយនិងត្រូវដាំដុះនៅតំបន់ដែលមានអា​កាស​ធាតុក្ដៅ ។
សូកូឡាជាគ្រឿងផ្សំនៃបង្អែមច្រើនប្រភេទ ដូចជាការ៉េម, ស្ករគ្រាប់, ឃុកគី, ខេកនិងសូកូឡាផាយត្រូវបានចាត់ទុកថាជាបង្អែមមួយប្រភេទដែលមានការនិយមពីមនុស្សទូទាំងពិភពលោក ។
វិធីធ្វើសូកូឡា គឺត្រាំគ្រាប់កាកាវ បន្ទាប់មកយកទៅលីង ហើយបុកឲ្យម៉ដ្ឋ ហើយផលិតផលរបស់គ្រាប់កាកាវត្រូវបានស្គាល់នៅនាមថា «សូកូឡា» ឬតំបន់ខ្លះ «កាកាវ» ។
ផលិតផលធ្វើដោយគ្រាប់កាកាវត្រូវបានស្គាល់ដោយឈ្មោះខុសៗគ្នានៅក្នុងពិភពលោក ។ នៅអាមេរិក ឧស្សាហកម្មសូកូឡាបានកំណត់ថា៖
-កាកាវ (cocoa)  ជាគ្រាប់កាកាវ ។
-កាកាវប័រ (cocoa butter) ជាប្រេងរបស់គ្រាប់កាកាវ ។
-សូកូឡា (chocolate) ជាការផ្សំរវាងគ្រាប់និងកាកាវប័រ ។
សូកូឡាជាការលាយគ្រាប់សណ្ដែក, កាកាវ, កាវកាវប័រ, ស្ករ​និងសារធាតុផ្សេងទៀតចូលគ្នាបង្កើត​បាន​ជា​សូកូឡាមានរូបរាង​ជា​​បន្ទះ​​និង​រូបរាងផ្សេងៗ ។ គ្រាប់កាកាវ ក្រៅពីធ្វើជាសូកូឡាហើយ អាចធ្វើជាភេសជ្ជៈបាន​ទៀត​​​ផងដូចជា សូកូឡាក្ដៅ ។
ភេសជ្ជៈសូកូឡាត្រូវបានស្រាវ​ជ្រាវ​​ដោយជនជាតិអ៊ែសទែក្ស ក្រោយមកមានកុល​សម្ពន្ធឥណ្ឌា​ស្បែក​ក្រហម​និងជនជាតិអឺរ៉ុប ។
សូកូឡាតែងតែត្រូវបានផលិតជារូបសត្វ, មនុស្ស ឬ​វត្ថុ​តាម​ការ​ស្រមើស្រមៃ ដើម្បីអបអរ​ក្នុងពិធី​នា​នាក្នុង​​ពិភពលោក ដូចជា​រូប​ទន្សាយ, រូបពងមាន់ក្នុងពិធីបុណ្យឣីស្ទ័រ (Easter), រូបកាក់ ឬ​សាន់តា​ក្លស​​ក្នុងពិធីបុណ្យ​ណូអែល​និង​រូបបេះដូងនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ (Valentine) ជាដើម ។


សូកូឡា

មាតិកា
.ប្រវត្តិ
.២ សូកូឡានៅអឺរ៉ុប
.ប្រភេទនៃសូកូឡា
២.១ សូកូឡាដែលមិនបន្ថែមជាតិផ្អែម (Unsweetened Chocolate)
២.២ សូកូឡាខ្មៅ (Dark Chocolate)
២.៣ សូកូឡាទឹកដោះគោ (Milk Chocolate)
២.៤ សូកូឡាស្រាផ្អែម (Liqueurs Chocolate)
២.៥ សូកូឡាផ្អែមឡែមៗ (Semi-Sweet Chocolate)
២.៦ សូកូឡាផ្អែម (Sweet Chocolate)
២.៧ សូកូឡា.ស (White Chocolate)
២.៨ សូកូឡារាវ (Liquid Chocolate)
២.៩ សូកូឡាគូវេចឺរ (Couverture Chocolate)
២.១០ សូកូឡាកាណាច (Ganache Chocolate)
.១១ នំខ្ចប់ដោយសូកូឡា (Confectionery Coating Chocolate)
.សារធាតុចិញ្ចឹម
.ប្រភព


.ប្រវត្តិ
សូកូឡាត្រូវបានរកឃើញតាំងពី 2000 ឆ្នាំមុនម្ល៉េះ ក្រោយ​សម័យរាជិនី គ្លីអូផាត់ត្រា នៃអេហ្ស៊ីប ។ វាជា​ផលិតផលដែល​ផលិតពីគ្រាប់កាកាវ (Cacao) នៅក្នុងព្រៃក្ដៅនិងសើមនៃទ្វីប​អាមេរិក ស្ថិតក្នុងពួក Theobroma cacao ប្រែ ថា អាហារនៃ​អា​ទិ​ទេព
មនុស្សមួយក្រុម ដែលចេះធ្វើសូកូឡាជាអរិយធម៌បូរាណ គឺ​នៅ​ប្រទេសមិចស៊ិច និង​អាមេរិក​កណ្ដាល ​ដែល​ជា​​ជនជាតិម៉ាយ៉ា ​និង​ជនជាតិអ៊ែសទែក្សនៃអរិយធម៌មេសូអាមេរិកា (Meso-America។ មនុស្សមួយក្រុមនេះ​បានយក​គ្រាប់កាកាវមកបុក ហើយ​លាយនឹងគ្រឿងផ្សំច្រើនប្រភេទដើម្បីធ្វើភេសជ្ជៈដែល​មានរស​ជាតិ​ល្វីង​ចត់ ។
ក្រៅពីអាចធ្វើជាអាហារបានហើយ សូកូឡាត្រូវបានប្រើ​ប្រាស់​នៅ​ផ្នែកសាសនានិងសង្គមទៀតផង ។
ជនជាតិម៉ាយ៉ា (250-900 នៃគ.ស) ជាជនជាតិដំបូង​ដែល​មានភ័ស្តុតាងច្បាស់លាស់ថាបានរក​ឃើញ​អាថ៌​កំ​បាំ​ង​របស់ដើម​កា​កាវ ដោយពួកគេបានយកដើមកាកាវមកពីព្រៃមកដាំនៅច្បារ​ក្រោយផ្ទះ ពេលបានផលក៏​បេះ​យក​គ្រាប់មកត្រាំ ហើយ លីង បន្ទាប់មកបុកឲ្យ​ម៉ដ្ឋ មកឆុងទឹក ដោយរោយម្រេចនិងម្សៅពោត លទ្ធផល​គឺបាន​ភេសជ្ជៈ​សូកូ​ឡារសជាតិហឹរ មានពពុះ ។
ក្រោយមកប្រហែលនៅសតវត្សរ៍ទី14 អាណាចក្រជនជាតិអ៊ែសទែក្សបានគ្រប់គ្រងទឹកដី​មួយភាគធំ​រប ស់ អរិយ​ធម៌មេសូ​អាមេ​រិក ដោយមានរាជធានីស្ថិតនៅលើទឹកដីបច្ចុប្បន្នគឺទីក្រុងមិចស៊ិច ។ ជនជាតិអ៊ែសទែក្សបាន​ទិញ​គ្រាប់កាកាវពីជនជាតិម៉ាយ៉ានិងជន​ជាតិផ្សេងទៀត ហើយយកពន្ធអាករពីអ្នកស្រុករបស់ខ្លួន និង​ឈ្លើយគិត​ជា​គ្រាប់កាកាវជំនួសប្រាក់ ។ ជនជាតិអ៊ែសទែក្សផឹកសូកូឡាល្វីងដូចជនជាតិម៉ាយ៉ាសម័យដំបូងដែរ ដោយលាយគ្រឿង​ឲ្យមានរសជាតិហឹរដោយគ្រឿងទេស កាលនោះជនជាតិ​មេ​សូ​​អាមេ​រិកមិនទាន់ដាំដុះអំពៅ ទើបគ្មាន​ស្ករ​ដាក់​សូកូឡា ។
មានការនិយាយតៗគ្នាថា ជនជាតិម៉ាយ៉ាដើមចូលចិត្តផឹក​សូកូឡា​នៅ​​ថ្ងៃពិសេស ខណៈដែលរាជ​វង្សានុ​វង្ស​និយមទទួល​ទាន​​ណាស់ ចំណែកជនជាតិអ៊ែសទែក្ស, ក្រុមអ្នកដឹកនាំជាន់ខ្ពស់, បុព្វជិត, នាយទាហានជាន់​ខ្ពស់​និងឈ្មួញអ្នកមានៗប៉ុណ្ណោះ​ដែល​មានសិទ្ធិទទួលទានភេសជ្ជៈដ៏ស័ក្តិសិទ្ធិនេះ ។
សូកូឡាមានតួនាទីសំខាន់​នៅក្នុងពិធីក្នុងរាជវាំងនិងសាសនា ព្រោះយកគ្រាប់កាកាវធ្វើ​​ជាគ្រឿង​សក្ការ​បូជា​​អាទិទេពនិងផឹកនៅក្នុងពិធីសំខាន់
សម្រាប់ប្រភពនៃឈ្មោះ សូកូឡា មិនទាន់មាន​ការ​អធិប្បាយ​ច្បាស់លាស់នោះទេ ប៉ុន្តែមានមតិពីរ​បាន​លើក​ឡើងថា ដោយមតិ​ទី1 គឺជាពាក្យក្លាយមកពីពាក្យថា Chocolatl ក្នុងភាសា​ម៉ាយ៉ា​ដែល​​​មានន័យថា ផឹក​សូ​កូ​ឡាជាមួយគ្នា ។ មតិមួយទៀតបាន​អធិប្បាយ​ថាគួរតែមានប្រភពមកពីភាសាម៉ាយ៉ាដែរគឺ Chocol ប្រែថា ក្ដៅ បូក​នឹងពាក្យថា Atl របស់អ៊ែសទែក្សដែលប្រែថា ទឹក ទើបក្លាយជាពាក្យថា Chocolatl ក្រោយ​មកក៏ក្លាយ​ជា​ពាក្យ​ថា Chocolate នៅអឺរ៉ុប ។
តាមជំនឿរបស់ជនជាតិអ៊ែសទែក្សនៃប្រទេសមិចស៊ិច «គ្រាប់​កាកាវជាអាហា​រដែលអាទិទេព​ប្រទាន ​ឲ្យ​ដើម្បី​ធ្វើជាសញ្ញាបើកផ្លូវ​ឆ្ពោះទៅកាន់ឋានសួគ៌» តាំងពី 4000 ឆ្នាំមុនម្ល៉េះ ដែលធ្វើឲ្យ​ពួក​​គេយកគ្រាប់​កាកាវ​មក​ធ្វើជាភេសជ្ជៈ នោះគឺ ទឹកសូកូឡា ។ ក្រោយមកលោក ហ៊ឺណាន ខទេស (Hernán Cortés) អ្នករុក​រកជនជាតិ​អេស្ប៉ាញ​បាន​​​ជិះ​កប៉ាល់​ទៅជួបជនជាតិអ៊ែសទែក្ស ហើយបានស្នាក់​នៅ​ជាមួយ​​ជន​​ជាតិនោះ​និង​ផឹកសូកូឡាជាមួយគ្នា ។ លោក ហ៊ឺណាន បាន​យក​​គ្រាប់​​កា​កាវទៅប្រទេសរបស់ខ្លួន ដោយសាកល្បង​ធ្វើជា​ភេស​​ជ្ជៈនិង​ផ្សំគ្រឿងឲ្យកាន់តែផ្អែម ក្លាយ​ជាភេសជ្ជៈដែល​មាន​ការនិយមនៅ​អេស្ប៉ាញ ក្រោយមកលោក កូអ៊ិនរ៉ាត យូហានណេស វ៉ាន ហោធែនកូអ៊ិនរ៉ាត ជេ វ៉ាន ហោធែន  (Coenraad Johannes van Hou​t​e​n or Coenraad J. van Houten) ​ជន​ជាតិហូឡង់​​បាន​រក​ឃើញវិធីធ្វើសូកូឡាប្រភេទបន្ទះ, គ្រាប់និងម្សៅ ។

១.២ សូកូឡានៅអឺរ៉ុប
មុនគ.សទី 15 ជនជាតិអឺរ៉ុបមិនទាន់ស្គាល់ភេសជ្ជៈប្រភេទនេះទេ ហើយអេស្ប៉ាញជាប្រទេសដំបូង​គេ ដែល​បានធ្វើដំណើរទៅស្វែងរកភាពរុងរឿងនៅទ្វីបអាមេរិកនិងបានជួបភេសជ្ជៈដែលជារស​​ជាតិអមតៈរបស់សូកូឡា
បន្ទាប់ពីឈ្នះសង្រ្គាមជនជាតិអ៊ែសទែក្សហើយ អេស្ប៉ាញបានយកសូកូឡាមកកាន់ប្រទេសរបស់​ខ្លួន​និង​ទទទួលបាន​​ការ​និយមយ៉ាងខ្លាំងពីរាជវង្សានុវង្ស រយៈពេល 100 ឆ្នាំការនិយមសូកូឡាបាន​​​សាយ​​ភាពទូទាំងទ្វីបអឺរ៉ុប
មុនពេលដែលលោក ហ៊ឺណាន មេទ័ពរបស់អេស្ប៉ាញច្បាំង​ឈ្នះមិចស៊ិចនៅឆ្នាំ 1521 អាចមាន​អ្នករុក​រក​មួយក្រុមដំបូងបានឃើញដើមកាកាវអាមេរិកខ្លះដែរ ប៉ុន្តែអេស្ប៉ាញក្លាយជាជនជាតិដំបូងនៅអឺរ៉ុបដែលរកឃើញរសជាតិដ៏អស្ចារ្យរបស់សូកូឡា ។ ការទំនាក់ទំនងគ្នារវាងជនជាតិអេស្ប៉ាញនិងជនជាតិអ៊ែសទែក្សបាន បើកទ្វារឲ្យជនជាតិទាំងពីរបានដោះដូរគំនិតនិងបច្ចេកវិទ្យាគ្នា ហើយទីផ្សារអឺរ៉ុបក៏បានស្គាល់អាហារថ្មីធ្វើពីដើមកាកាវផងដែរ ។
សង្រ្គាមនៅឆ្នាំ 1521  ហ៊ឺណាន បាននាំកងទ័ពទៅច្បាំងនឹងកងទ័ពរបស់ម៉ុងតេហ៊្សូម៉ា (Montezuma) ហើយក៏បានទទួលជ័យជម្នះ ។ កងទ័ពអេស្ប៉ាញ​បានបង្គាប់ឲ្យមន្រ្តីអ៊ែសទែក្សយកទ្រព្យសម្បត្តិមកឲ្យខ្លួន បើចង់រស់រានបន្ត ដែលចាត់ទុកថាជាសម្បត្តិនិងមានតម្លៃជំនួសមាសប្រាក់ ទើបក្លាយជាទ្រព្យដែលរឹបអូសពីឈ្លើយសឹក ។ កងទ័ពអេស្ប៉ាញអាងសិទ្ធិគ្រប់គ្រងចម្ការកាកាវរបស់ជនជាតិអ៊ែសទែក្ស និងរឹបអូសយកពីប្រ​ជា​ជនដែលនាំសួយសារអាករមកឲ្យជនជាតិអ៊ែសទែក្ស ក្រោយមកកាកាវនិងសូកូឡាក៏ត្រូវបញ្ជូនទៅអេស្ប៉ាញ ។
នៅអេស្ប៉ាញ ភេសជ្ជៈសូកូឡាមានការពេញនិយមលឿនណាស់ ដល់ថ្នាក់មិនគ្រប់គ្រាន់សម្រាប់តម្រូវ​ការ ទើបត្រូវប្រើកម្លាំងពលកម្មរាប់លាន់នាក់នៅក្នុងការដាំដុ ប្រមូលផលនិងកែច្នៃស្ករនិងកាកាវ ចាប់តាំងពី​ដើមសតវត្សរ៍ទី 16 ចុងសតវត្សរ៍ទី 18 កម្លាំងពលកម្មភាគច្រើនទទួលបានតម្លៃថោកហួសហេតុ ដែលធ្វើចម្ការកាកាវក្លាយជាទាសករធ្វើសូកូឡាគឺជនជាតិមេសូអាមេរិកា ។
ជនជាតិអេស្ប៉ាញមិនចូលចិត្តរសជាតិល្វីងរបស់សូកូឡា ដែលដំបូងឡើយមេទ័ព ហ៊ឺណាន និងកងទ័ពរបស់គេមិនចូលចិត្តរសជាតិរបស់សូកូឡា ប៉ុន្តែដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់ពិសា ទើបពួកគេយកសូកូឡាទៅស្ងោរ ហើយដាក់គ្រឿងផ្សំផ្សេងៗ ។
ពេលសូកូឡាហូរចូលមកទឹកដីអឺរ៉ុប មានអ្នកខ្លះមានគំនិតចង់ដាក់ស្ករ, ដាក់ផ្កាចន្ទន៍និងគ្រឿងទេស ហើយភេសជ្ជៈសូកូឡាក្ដៅរសជាតិផ្អែមក៏ចាប់កំណើតឡើង ។ ទោះយ៉ាងណាក៏ដោយ ជនជាតិអេស្ប៉ាញនៅតែរក្សាវិធីត្រៀមនិងវិធីធ្វើសូកូឡាដូចដើម ហើយនៅតែប្រើជនជាតិដើមប្រមូលផល យកទៅត្រាំ ហាល សម្អាតនិងលីងគ្រាប់កាកាវ ។ ជនជាតិអេស្ប៉ាញបានបង្កើតឧបករណ៍ថ្មីសម្រាប់ធ្វើសូកូឡាទៀតផង នោះគឺឈើកូរដែលហៅថា ម៉ូលីនីអូ សម្រាប់កូរសូកូឡាឲ្យងាយម៉ដ្ឋ ។
ភេសជ្ជៈសូកូឡានេះមានតែជនជាតិអេស្ប៉ាញវណ្ណៈអភិជន និងបុព្វជិតសាសនាគ្រីស្ត និកាយរ៉ូម៉ាំង​កាតូ​លិក (Priest) ប៉ុណ្ណោះដែលអាចជាវមកទទួលទានបាន ។ បុព្វជិតសាសនាគ្រីស្តបានណែនាំភេសជ្ជៈសូកូឡាដល់រាជវាំងបាន សោយ ដោយមានរឿងតំណាលថា បុព្វជិតនិកាយរ៉ូម៉ាំងកាតូលិកបាននាំជនជាតិដើមដែលជាឈ្លើយ​ចូលគាល់រាជបុត្រភីលីពនៃរាជាណាចក្រអេស្ប៉ាញ (Prince Philip of Spain) ។ ឈ្លើយទាំងនោះបាន​ធ្វើភេសជ្ជៈសូកូឡាថ្វាយរាជបុត្រសោយ ក្រោយមករាជវង្សានុវង្សក៏ឈ្លក់វង្វេងនឹងរសជាតិសូកូឡា ។
ដោយសារអេស្ប៉ាញបានគ្រប់គ្រងអាមេរិកឲ្យស្ថិតនៅក្រោមអាណានិគមនៅសម័យកាលដំបូង ធ្វើឲ្យពួកគេធ្វើពាណិជ្ជកម្មទៅលើសូកូឡាតែមួយមុខ ហើយមានតែជនជាតិអេស្ប៉ាញដែលជាវណ្ណៈអភិជននិងជនដែលមានខ្នងបង្អែកប៉ុណ្ណោះដែលមានលទ្ធភាពជាវសូកូឡាមហាថ្លៃនេះបាន ។ ជនជាតិអេស្ប៉ាញព្រមទទួល​ស្គាល់ថា សូកូឡាជួយឲ្យអារម្មណ៍ស្រស់ស្រាយនិងមានអត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភ ។ កាកាវមានកាឡូរីខ្ពស់តាមធម្មជាតិនិងមានជាតិកាហ្វេអ៊ីន រួមទាំងសារធាតុគីមីដែលមានគុណសម្បត្តិដែលហៅថា Theobro​mi​n​e ផងដែរ ។
ក្រោយមកនៅសតវត្សរ៍ទី 16 សូកូឡាក៏ក្លាយជាភេសជ្ជៈសម្រាប់ព្រះសង្ឃសុំសីល ហើយបន្ទាប់ពីជជែកពិភាក្សាគ្នាអស់រយៈពេលយ៉ាងយូរ សាសនាគ្រីស្ត​ និកាយកាតូលិកបានអនុញ្ញាតឲ្យប្រជាជនទទួលទានសូកូឡាជាអាហារប៉ូវខណៈពេលសុំសីល ដែលជាខណៈពេលហាមទទួលទានអាហារ ប៉ុន្តែប្រទេសផ្សេងទៀតនៅអឺរ៉ុបនៅតែគ្មានឱកាសបានទទួលទានសូកូឡា ទាល់តែ 100 ​ឆ្នាំក្រោយមក ដោយសារតែជនជាតិអេស្ប៉ា​ញ​ប្រឹងប្រែងរក្សាសូកូឡាទុកក្នុងប្រទេសមិនបាន ហើយដំណឹងពាក់ព័ន្ធនឹងសូកូឡាសាយភាយបានដូចម្ដេច គ្មានអ្នកណាដឹងច្បាស់ ដឹងត្រឹមតែថាអាថ៌កំបាំងពាក់ព័ន្ធនឹងសូកូឡាត្រូវបានផ្សព្វផ្សាយនិងទទួលបានការនិយម​យ៉ា​ងឆាប់រហ័សនៅសង្គមរាជវង្សរបស់អឺរ៉ុបនិងយូរអង្វែងរហូតដល់មកសម័យបដិវត្តន៍ឧស្សាហកម្ម ។
ប្រទេសជាច្រើននៅអឺរ៉ុបបានយកពូជកាកាវទៅដាំនៅប្រទេសក្រោមអាណានិគមដូចជា សហរដ្ឋអា​មេ​រិក, ហូឡង់និងបារាំងសុទ្ធតែរឹបអូសយកទឹកដីនៅតំបន់អេក្ខាទ័រធ្វើជាប្រទេសក្រោមអាណានិគម ។ អង់គ្លេសបានយកដើមកា​កាវទៅដាំកោះស្រីលង្កា ចំណែកហូឡង់យកទៅដាំនៅវេណេហ្ស៊ុយអេឡា, ជ្វានិងកោះស៊ូម៉ាត្រា ឯបារាំងយកទៅ​ដាំនៅឥណ្ឌាភាគខាងលិច ដោយ ផលប្រយោជន៍ដែលទទួលបានត្រូវនាំមកកាន់ប្រទេសដែលក្ដោបក្ដាប់អំ​ណាចទាំងនោះ ធ្វើឲ្យអឺរ៉ុបក្លាយជាទ្វីបនៃ​សូកូឡា ។
ជនជាតិអឺរ៉ុបកិនគ្រាប់កាកាវដោយម៉ាស៊ីនកិន ដែលពេលបុកិនម្ដងៗបានចំនួនច្រើនគរគោក ចាប់ផ្ដើមពីសម័យដំបូង ប្រើត្បាល់បុក តែក្រោយមកប្រើកង្ហារខ្យល់ ខ្លះក៏ប្រើម៉ាស៊ីនកិនដោយអាស្រ័យកម្លាំងសត្វសេះ ។ ជនជាតិអឺរ៉ុប​និយមទទួលទានសូកូឡានិងស្ករដែលជាទំនិញមានតម្លៃថ្លៃមួយប្រភេទទៀតដែលត្រូវនាំចូលពីបរទេស ។ នៅចុងសតវត្សរ៍ទី 16  លោក ហានស៍ សាឡន ពីមហាវិទ្យាល័យភូមិន្ទវេជ្ជសាស្រ្ត  (The Royal College of Physicians) បានដាក់សំណើសូកូឡារូបមន្តថ្មីជាសូកូឡាដាក់ទឹកដោះគោឲ្យកាន់តែមានរសជាតិ ។
នៅប្រទេសបារាំង សូកូឡាជាទំនិញផ្ដាច់មុខ មានរឿងតំណាលថារាជិនី អ៊ែន នៃអូទ្រីស (Anne of Austria) ចូលចិត្តសោយសូកូឡាដល់ដំណាក់កាល​ញៀន ធ្វើឲ្យរាជវាំងបារាំងត្រូវបិទរឿងនេះ ។ សូកូឡាបានក្លាយជានិមិត្តសញ្ញានៃវណ្ណៈជាន់ខ្ពស់និងមានព្រះរាជបញ្ជាហាមឲ្យជនណា លើកលែងតែវណ្ណៈអភិជន បារាំងដែលទទួលទានសូកូឡាបាន ខុស ពីប្រទេសអង់គ្លេស ដែលជនណាមានប្រាក់ក៏អាចទទួលទានបានដែរ ។
ហាងសូកូឡាដំបូងបើកបម្រើសេវាកម្មនៅទីក្រុងឡុងដ៍នៅឆ្នាំ 1657 ស្រដៀងនឹងហាងកាហ្វេដែលជាភេសជ្ជៈបានទទួលការនិយមច្រើនជាងនៅវេលាក្រោយមក ។ ហាងសូកូឡាជាកន្លែងទទួលទានភេសជ្ជៈក្ដៅៗដើម្បីលម្ហែអារម្មណ៍, ជែកវែកញែករឿងនយោបាយ, ជួបមនុស្សម្នានិងលេងល្បែងស៊ីសង ហាងខ្លះទទួលតែបុរសភេទ តែមានហាងជាច្រើនបើកបម្រើមនុស្សគ្រប់ភេទដែលមានប្រាក់ចាយ ។
ដំណាក់កាលផលិតសូកូឡាមិនបានផ្លាស់ប្ដូរខុសពីច្រើនរយឆ្នាំមុន រហូតដល់សតវត្សរ៍ទី17 ដែលជាសម័យបដិវត្តន៍ឧស្សាហកម្មរបស់សូកូឡានោះឯងទើបមានការផ្លាស់ប្ដូរ ។
មុនសម័យបដិវត្តន៍ឧស្សាហកម្ម ដំណាក់កាលផលិតសូកូឡា​ត្រូវ​អាស្រ័យលើកម្លាំងរបស់មនុស្ស ដែលប្រើពេល​យូរ​និង​​ចំណាយ​ច្រើន ធ្វើឲ្យសូកូឡាត្រូវផលិតសម្រាប់តែលក់ឲ្យ​អ្នកមានប៉ុណ្ណោះ ពេល​អ្នកច្នៃប្រឌិត​បាន​បង្កើត​ម៉ាស៊ីន​​ចំហាយ​ទឹកបានសម្រេច ការផលិតសូកូឡាក៏​មានចំនួន​ច្រើន​​ដែរ ។ ពេលវេលា​ដែល​ត្រូវ​ចំណាយ​ក៏តិច ធ្វើ​ឲ្យ​សូកូឡា​ដែលត្រូវផលិតមានរូបរាងថ្មី មិន​ត្រឹម​តែផលិតជាភេសជ្ជៈនោះទេ វា​មានទាំងនំផ្អែមដែលមានការ​និយម​ទូទាំង​ពិភព​លោកទៀត​ផង ។

២.ប្រភេទនៃសូកូឡា
សូកូឡាជាគ្រឿងផ្សំដែលមានការនិយមខ្លាំងនិងច្រើន​ជម្រើសទាំងរូបរាង ។ រូបរាងនិងរសជាតិរបស់​សូ​កូ​ឡា​មាន​ភាពខុសគ្នាដោយសារគ្រឿងផ្សំនិងបរិមាណនៃគ្រឿងផ្សំនៅក្នុងនោះ ក្រៅពីគ្រឿងផ្សំហើយ រស​ជាតិក៏​ខុស​គ្នាដែរ ដោយ​សាររយៈពេលនិងសីតុណ្ហភាពនៃការលីងគ្រាប់កាកាវ ។
២.១ សូកូឡាដែលមិនបន្ថែមជាតិផ្អែម (Unsweetened Cho​col​ate)
សូកូឡាដែលមិនបន្ថែមជាតិផ្អែមជាសូកូឡាសុទ្ធ ឬត្រូវបានស្គាល់​ក្នុង​នាម​​ថា សូកូឡា​ល្វីងត្រូវបានប្រើប្រាស់សម្រាប់​អប់អាហារ​និងជា​សូកូ​ឡា​ដែល​គ្មាន​លាយសារធាតុអ្វីទាំងអស់ ។ សូ​កូ​ឡាប្រភេទនេះ​មានរស​ជាតិ​ល្វីងខះ ប៉ុន្តែពេលត្រូវបន្ថែមស្ករ វានឹងក្លាយជា​គ្រឿង​ផ្សំ​សម្រាប់​ធ្វើនំប្រោននី, ខេក, ស្ករគ្រាប់និងឃុកគី ។
២.២ សូកូឡាខ្មៅ (Dark Chocolate)
សូកូឡាខ្មៅ ជាសូកូឡាដែលមិនបាន​បន្ថែមទឹកដោះគោ ពេលខ្លះត្រូវហៅថា សូ​កូ​ឡា​ធម្មតា តែ​រដ្ឋាភិបាលសហរដ្ឋអាមេរិកហៅថា សូកូឡាផ្អែម និងកំណត់ឲ្យ​​មានជាតិសូកូឡាសុទ្ធ 15% ប៉ុន្តែ​ខាង​អឺរ៉ុបបានកំណត់​ឲ្យ​មានធា​តុផ្សំរបស់គ្រាប់កាកាវតិចណាស់ 35% ។
សូកូឡាខ្មៅមានសារធាតុ Flavonoid ដែលជាសារធាតុ​ប្រឆាំងអុកស៊ីតកម្ម បង្ការការកកើតកំណក​ខ្លាញ់​ជាប់​​ភ្នាស​បំពង់អាទែ មូលហេតុនៃការកើតជំងឺត្បៀតសរៃឈាម​បេះដូង​និង​ជួយបង្ការឈាមកក មូល​ហេតុនៃការ​កើត​ជំងឺ​ស្ទះសរសៃ- ឈាមបេះដូងនិងបង្ការជំងឺសម្ពាធឈាមឡើងខ្ពស់ ។
២.៣ សូកូឡាទឹកដោះគោ (Milk Chocolate)
សូកូឡាទឹកដោះគោ ជាសូកូឡាលាយទឹកដោះគោ ឬទឹកដោះគោខាប់ ។ រដ្ឋាភិ​បាល​សហរដ្ឋអាមេរិក​បានកំណត់ថា បើហៅថា សូកូឡាទឹកដោះគោ ត្រូវតែមានជាតិ​សូ​កូ​ឡាសុទ្ធ 10% ចំណែក​​ខាងអឺរ៉ុបបានកំណត់ថាមានជាតិគ្រាប់​កាកាវតិចណាស់ 25% ។
 សូកូឡាប្រភេទនេះមានសារធាតុរបស់កាកាវប័រ, ទឹកដោះគោនិងស្ករ ទុក​សម្រាប់​លម្អ​នំ ។
សូកូឡាទឹកដោះគោដែលផលិតនៅសហរដ្ឋអាមេរិកត្រូវតែ​មានសារធាតុសូកូឡាយ៉ាងហោចណាស់ 10% និងទឹកដោះគោ​ដែល​មិនទាន់ចម្រាញ់យកជាតិប័រចេញ 12% ។
២.៤ សូកូឡាស្រាផ្អែម (Liqueurs Chocolate)
សូកូឡាឡឺឃ្វសជាផលិតផលរបស់គ្រាប់កាកាវបុក បន្ទាប់មកយកទៅ​កូរចម្រាញ់យកទឹក ។ សូកូ​ឡា​នេះ​​អាច​ទុក​ឲ្យ​ត្រជាក់​និង​ទុក​​ឲ្យកកដោយការចាក់ពុម្ព ប៉ុន្តែសូកូឡាដែលទទួលបាន​គឺ​ពុំមានរសជាតិផ្អែមទេ ។ សូកូឡា​នេះមានសារធាតុកាកាវ​ប័រប្រហែល 30% ។
២.៥ សូកូឡាផ្អែមឡែមៗ (Semi-Sweet Chocolate)
សូកូឡាផ្អែមឡែមៗស្ថិតនៅក្នុងសភាពរាវ ត្រូវ​បន្ថែម​ជាតិ​ផ្អែម​និងកាកាវប័រ ដោយពណ៌​របស់វា​រាង​ខ្មៅ ។ តាមមាត្រ​ដ្ឋាន​​របស់សហរដ្ឋអាមេរិកគឺមានសារធាតុទឹកសូកូឡាប្រហែល 35% និង​ជាតិ​ខ្លាញ់​ប្រហែល 27% សូកូឡាប្រភេទនេះ​នឹង​មាន​រសជាតិ​ផ្អែមឡែមៗ ល្មមឆ្ងាញ់។
២.៦ សូកូឡាផ្អែម (Sweet Chocolate)
សូកូឡាផ្អែម ត្រូវបានបន្ថែមជាតិស្ករច្រើន​ជាងសូកូឡាប្រភេទផ្អែមឡែមៗនិងមានសារធាតុផ្សំរបស់ទឹកសូកូឡាយ៉ាងហោចណាស់ 1% ។ សូកូឡាប្រភេទនេះជាគ្រឿងផ្សំសំខាន់សម្រាប់ធ្វើនំនិងតុបតែងនំ ថែមទាំងមានជាតិប្រេងដូចសូកូឡាផ្អែមឡែមៗផងដែរ ។
២.៧ សូកូឡា.ស (White Chocolate)
សូកូឡាស មានសារធាតុកាកាវប័រ ប៉ុន្តែគ្មានកាកាវដែលជាប្រភេទប្រេងនិងមានធាតុផ្សំ ដូចជាស្ករ, កាកាវប័រ, ទឹកដោះគោសុទ្ធនិងដាក់ក្លិនវ៉ានីឡា ។ វាងាយបាក់ បើជាសូកូឡា-សក្លែងក្លាយធ្វើពីប្រេងធុញ្ញជាតិ មិនមែនកាកាវប័រ ។
២.៨ សូកូឡារាវ (Liquid Chocolate)
សូកូឡារាវ ជាសូកូឡាគ្មានរសជាតិផ្អែម ភាគច្រើនត្រូវបានច្រកដបលក់ ចំណុះ 1 ដប 1 អោនស៍ និងដោយសារវាមិនរលាយ ទើបងាយស្រួលក្នុងការប្រើប្រាស់ ដោយផលិតឡើងសម្រាប់ធ្វើនំដុត ។
២.៩ សូកូឡាគូវេចឺរ (Couverture Chocolate)
សូកូឡាប្រភេទនេះមានសណ្ឋានពិសេសគឺរលោង តាមធម្មតាមានជាតិផ្សំរបស់កាកាវប័រយ៉ាងហោចណាស់ ៣២% ធ្វើឲ្យវាអាចរក្សាសមាសភាគនៅក្នុងប្រភេទប្រេងបានល្អជាប្រភេទលាបសម្បក។ តាមធម្មតាត្រូវបានប្រើប្រាស់តែនៅក្នុងហាងនំប៉ុណ្ណោះ ភាគច្រើនតែងតែប្រទះឃើញនៅក្នុងប្រភេទលាបសម្បកផ្លែឈើ ឬរុំស្នូលសូកូឡា ។

២.១០ សូកូឡាកាណាច (Ganache Chocolate)
សូកូឡាប្រភេទនេះមានរសជាតិល្វីងខ្លាំង មានការនិយម​ធ្វើជានំសូកូឡា ។ វិធីធ្វើកាណាច គឺចាក់វីបពីងគ្រីមដែលក្ដៅឧណ្ហៗចូលសូកូឡាចិញ្ច្រាំដែលមានចំណុះស្មើគ្នា ហើយទុកចោលទាល់តែសូកូឡារលាយ រួចកូរឲ្យសព្វ យើងនឹងទទួលបានល្បាយខាប់ អាចដាក់ប័របន្តិចដើម្បីបន្ថែមជាតិរលោងឲ្យវា ។
.១១ នំខ្ចប់ដោយសូកូឡា (Confectionery Coating Chocolate)
នំខ្ចប់ដោយសូកូឡាជាសូកូឡាសម្រាប់ប្រឡាក់ស្ករគ្រាប់ ដោយយក​ទៅ​លាយ​នឹងស្ករ, ទឹកដោះគោម្សៅ ប្រេងធុញ្ញជាតិនិងគ្រឿង​ផ្សំផ្សេងៗដែល​មានពណ៌ចម្រុះ ។
ស្ករគ្រាប់ដែលទទួលបាននេះ ម្សៅកាកាវនឹង​មានជាតិខ្លាញ់ទាប ប៉ុន្តែគ្មានសារជាតិកាកាវប័រ ដូចប្រភេទដទៃ​ទៀត ទើបអាចញែកចេញជាប្រភេទមួយទៀតបាន ។

៣.សារធាតុចិញ្ចឹម


តម្លៃអាហារូបត្ថម្ភក្នុង ១០០ ក្រាម
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
540 kcal

កាបូអ៊ីដ្រាត
59.4 g

ជាតិស្ករ
51.5 g

ជាតិសរសៃ
3.4 g

ជាតិខ្លាញ់
29.7 g

ប្រូតេអ៊ីន
7.6

វីតាមីន
វីតាមីន A
195 IU
9%
វីតាមីន B1
0.1 mg
25%
វីតាមីន B2
0.3 mg
25%
វីតាមីន B3
0.4 mg
3%
វីតាមីន B6
0.0 mg
0%
វីតាមីន B9
12 μg
3%
វីតាមីន B12
0.7 μg
29%
ក្លរីន
46.1 mg
9%
វីតាមីន C
0 mg
0%
វីតាមីន E
0.5 mg
3%
វីតាមីន K
5.7 μg
5%
ធាតុរ៉ែ
កាល់ស្យូម
189 mg
19%
ជាតិដែក
2.4 mg
18%
ម៉ាញេស្យូម
63 mg
18%
ម៉ង់ហ្គាណែស
0.5 mg
24%
ផូស្វ័រ
208 mg
30%
ប៉ូតាស្យូម
372 mg
8%
សូដ្យូម
79 mg
5%
ស័ង្កសី
2.3 mg
24%
ធាតុផ្សំផ្សេងទៀត
ទឹក
1.5 g

theobromine
205 mg

cholesterol
23 mg

រង្វាស់ចំណុះ
μg = ម៉ៃក្រូក្រាម
mg = មីលីក្រាម
IU =  ខ្នាតសកល





ប្រភពឯកសារនិងរូបភាពៈវេបសាយបរទេស





No comments

Theme images by merrymoonmary. Powered by Blogger.