Header Ads

Header ADS

តុក្កតាតាមជំនឿរបស់ជនជាតិជប៉ុន


និយាយពីជនជាតិជប៉ុន ក្រៅពីហ្គេ កាទូន មនុស្សយន្ដនិងបច្ចេកវិទ្យាច្រើនប្រភេទដែលមានការរីកចម្រើនរបស់ពួកគេហើយ យើងក៏នឹកដល់ភាពវិចិត្ររបស់ទំនិញដែលត្រូវច្នៃម៉ូតយ៉ាងប្រណិត ដោយមានទំនិញមួយចំនួនមាន ប្រភពមកពីជំនឿរបស់ពួកគេ  ។
ខាងក្រោមនេះជាជំនឿដែលពាក់ព័ន្ធនឹងតុក្កតា៖
-តុក្កតាបណ្ដេញភ្លៀង (照る照る坊主/Teruterubōzu)


តុក្កតាតាមជំនឿរបស់ជនជាតិជប៉ុន
តុក្កតាបណ្ដេញភ្លៀង (照る照る坊主/Teruterubōzu)

ពាក្យថា ថេរ៉ុ (照る) ក្នុងភាសាជប៉ុនប្រែថា ពន្លឺថ្ងៃឯពាក្យ បូស៊ឹ (坊主) ប្រែថា ព្រះ
តុក្កតាបណ្ដេញភ្លៀងជាតុក្កតាដែលមនុស្សជាច្រើនអាចធ្លាប់ឃើញក្នុងរឿងគំនូរជីវចល អ៊ីកឃ្យឹសានអ៊ីកឃ្យឹសាន (一休さん/Ikkyū-san) ធ្វើពីសាច់កំណាត់ពណ៌ស ក្បាលមូល មានភ្នែក ច្រមុះនិងមាត់ ។ ពេលធ្វើតុក្កតារួច យកវាទៅព្យួរនឹងរានហាល ឬសំយាបផ្ទះ ហើយអធិដ្ឋានឲ្យអាកាសធាតុថ្ងៃនេះស្រឡះល្អ ស្រស់ស្រាយ ។


តុក្កតាបណ្ដេញភ្លៀង (照る照る坊主/Teruterubōzu)


បន្ទាប់ពីពាក្យអធិដ្ឋានក្លាយជាការពិតហើយ ត្រូវចាក់ស្រាសាកេលើតុក្កតានិងចងកណ្ដឹងមាស ដើម្បីជាការអរគុណដែលធ្វើឲ្យការអធិដ្ឋានក្លាយជាការពិត ។
នៅក្នុងឱកាសដទៃទៀត ជនជាតិជប៉ុនព្យួរតុក្តតាបណ្ដេញភ្លៀង ដោយសំយុងក្បាលចុះក្រោម ជាការសុំទឹកភ្លៀង ។



តុក្កតាបណ្ដេញភ្លៀង (照る照る坊主/Teruterubōzu)

-តុក្កតាហ៊ិណា (雛人形/Hinaningyō)

តុក្កតាហ៊ិណា (雛人形/Hinaningyō)

ហ៊ិណា ឬ ហ៊ីណា ជាតុក្កតាដែលជនជាតិជប៉ុនលម្អនៅក្នុងបន្ទប់ទទួលភ្ញៀវនៅថ្ងៃទី3 ក្នុងខែមិនាជារៀងរាល់ឆ្នាំ ព្រោះជាថ្ងៃទិវាតុក្កតា ឬទិវាកុមារី ជាទិវាដែលបានទទួលឥទ្ធិពលពីវប្បធម៌ចិន ។ តាមជំនឿថា ពេលបណ្ដែតតុក្កតាក្នុងទឹកគឺអាចកម្ចាត់គ្រោះឧបទ្រុពចង្រៃ ដោយឲ្យហូរទៅតាមតុក្កតាបាន ប៉ុន្តែសម្រាប់​ជនជាតិជប៉ុនចាត់ទុកថាជាទិវានៃការអធិដ្ឋានឲ្យកូនស្រីមានសេចក្ដីសុខ បានទទួលភាពជោគជ័យនៅក្នុងជីវិត ។
អ្វីដែលតែងតែឃើញនៅក្នុងទិវានេះគឺការលម្អដោយឈុតតុក្កតាហ៊ិណា ។ ដើមឡើយតុក្កតាប្រភេទនេះធ្វើដោយដៃ តុបតែងលម្អតាមរាជវង្សជប៉ុនបុរាណ សម័យហេអាន់ ដាក់នៅលើអាសនៈដែលតាមធម្មតាមាន៧ជាន់ នៅជុំវិញអាសនៈលម្អដោយគ្រឿងបូជា ដូចជាផ្កាប៉េះ ស្រូវអង្ករ នំ ។ ដោយនំត្រូវធ្វើពីអង្ករមានរូបរាងស្រដៀងនឹងត្បូងពេជ្យ ដែលហៅថា ហ៊ិស៊ិម៉ូជិ  (菱餅/ひしもち/Hishi mochi) រួមទាំងស្រាសនិងឈិរ៉ាស៊ិ ស៊ូស៊ី (ちらし寿司/Chirashi Sushi)
តុក្កតាត្រូវដាក់តាមដំណែងគឺ
-ថ្នាក់ទី1 ឬជាន់លើគេ គឺចក្រពត្តិនិងចក្រពត្តិនី
-ថ្នាក់ទី2 ស្រីស្នំ 3 នាក់
-ថ្នាក់ទី3 តន្រ្ដីករ 5 នាក់
-ថ្នាក់ទី4 ទាហានបម្រើឆ្វេងស្ដាំនិងនំម៉ូជិ ពែងតែមួយឈុតនៅចំកណ្ដាលថ្នាក់
-ថ្នាក់ទី5 ដើមក្រូចនៅផ្នែកខាងឆ្វេង ដើមសាគូរ៉ានៅផ្នែកខាងស្ដាំ ចំណែកនៅត្រង់កណ្ដាលជាសេនា 3 នាក់
-ថ្នាក់ទី6 គ្រឿងសង្ហារឹម
-ថ្នាក់ទី7 ជាថ្នាក់ក្រោមគេ គឺគាវនិងរទេះសេះ


តុក្កតាហ៊ិណា (雛人形/Hinaningyō)

-តុក្កតាដារឹម៉ា (だるま/Daruma)
ដារឹម៉ាតុក្កតាឈើរបស់ជប៉ុនដែលមានរាងមូល គ្មានដៃគ្មានជើង ដោយមុខមាត់ស្រដៀងនឹង ព្រះពោធិធម្ម (ភាសាជប៉ុនហៅថា ដារឹម៉ា) មានពុកមាត់ពុកចង្កា ។
ជនជាតិជប៉ុនជឿថាជាតុក្កតាដែលជួយធ្វើឲ្យសមបំណងប្រាថ្នា ដោយដារឹម៉ាជាឈ្មោះព្រះអង្គម្ចាស់​របស់ឥណ្ឌាមួយព្រះអង្គដែលធ្វើដំណើរមកប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយសាសនាព្រះពុទ្ធ និកាយ​សេនដែលទ្រង់មានការព្យាយាម ដោយការអង្គុយបែរមុខទៅរកជញ្ជាំងអស់រយៈពេល8ឆ្នាំ ទើបទ្រង់ក្លាយ​ជាព្រះអរហន្ត ព្រោះហេតុផលនេះឯងទើបជនជាតិជប៉ុនតែងតែនិយមអធិដ្ឋាននៅចំពោះមុខតុក្កតា​ដារឹម៉ានិងគូររូបភ្នែកម្ខាង ។ បើរឿងដែលអធិដ្ឋាននោះក្លាយជាការពិត ពួកគេនឹងគូររូបភ្នែកម្ខាងទៀត
ភាគច្រើនតុក្កតាដារឹម៉ានឹងមានពណ៌ក្រហ តែអាចមានពណ៌ផ្សេងដែរ ដូចជាពណ៌ក្រហម, ពណ៌បៃតង ឬពណ៌ស នៅត្រង់ចង្កាមានសរសេរពាក្យជូនពរ ។
មូលហេតុដែលតុក្កតាដារឹម៉ាមានពណ៌ក្រហម មានតំណាលខ្លះនិយាយថាព្រោះព្រះពោធិធម្មទ្រង់តែងតែស្លៀកពាក់ពណ៌ក្រហម ។ តំណាលខ្លះទៀតនិយាយថានៅសម័យមុនមានជំនឿថាពណ៌ក្រហម​ជួយ​បណ្ដេញព្រាយបិសាច និងជួយកម្ចាត់ជំងឺអុតតូច (Smallpox) ដោយមានជំនឿថា ទេពអុតតូច ដែលធ្វើឲ្យកើតជំងឺអុតតូចនោះមិនចូលចិត្តពណ៌ក្រហម ដូច្នេះហើយទើបជនជាតិជប៉ុនឲ្យតុក្កតាដារឹម៉ាដល់ក្មេងៗទុកលេង ដើម្បីឲ្យដារឹម៉ាជួយបណ្ដេញព្រាយបិសាចនិងរោគអុតតូច មិនឲ្យយាយីក្មេងៗ ។
នៅព. 2530-2543​​ មានក្រុមអ្នកគ្រប់គ្រងសិទ្ធិបានធ្វើការប្រឆាំងថាវប្បធម៌បន្ថែមភ្នែកឲ្យដារឹម៉ា​ជាការចំអកចំអន់មនុស្សពិការភ្នែក ។

-តុក្កតាឆ្មាបោយដៃ (招き猫/Manekineko)


តុក្កតាឆ្មាបោយដៃ (招き猫/Manekineko)

តាមជំនឿរបស់ជនជាតិជប៉ុន ជឿថាឆ្មាបោយដៃនាំមកនូវលាភសក្ការៈ ដោយនៅក្នុងហាងលក់ដូរនិងទាក់ទាញភ្ញៀវចូលហាង ។ មុខមាត់របស់តុក្កតាឆ្មាបោយដៃ ស្រដៀងនឹងឆ្មាពូជរបស់ជប៉ុនមួយប្រភេទ ដែលគ្មានកន្ទុយ ត្រូវហៅថា Japanese Bobtail
តំណាលរបស់ឆ្មាបោយដៃមានច្រើនរឿង ហើយរឿងល្បីឈ្មោះ គឺរឿងដែលនិយាយថាកើតឡើងនៅសម័យអិដូមានស្រ្ដីជរាម្នាក់ទីទ័លក្រម្នាក់ចិញ្ចឹមឆ្មាមួយក្បាលនិងស្រឡាញ់ឆ្មានោះខ្លាំង មានស៊ីក៏ស៊ីជាមួយឆ្មា អត់ក៏អត់ជាមួយឆ្មា ប៉ុន្តែពេលទ័លខ្លាំង មិនអាចចិញ្ចឹមតទៅទៀតបាន ទើបយកវាទៅប្រោស​ចោល ។ នៅយប់នោះនាងដេកយំទួញសោកជាខ្លាំង និងយល់សប្ដឃើញឆ្មាមកប្រាប់ថាឲ្យសូនរូបឆ្មាពីដីឥដ្ឋ នាងនឹងមានសំណាងល្អ ។ លុះព្រឹកឡើង ស្រ្ដីជរាសូនរូបឆ្មាពីដីឥដ្ឋ មិនយូរប៉ុន្មានក៏មានមនុស្សដើរកាត់មុខផ្ទះ សុំទិញឆ្មាដីឥដ្ឋនោះ ។ នាងបានសូនឆ្មាដីឥដ្ឋមួយហើយមួយទៀតនិងមានមនុស្សមកទិញជាហូរហែរ ទើបនាងមានមាសប្រាក់ដោយសារការលក់ឆ្មាដីឥដ្ឋ ហើយអាចយកឆ្មាជាទីស្រឡាញ់របស់ខ្លួនមកចិញ្ចឹមម្ដងទៀតបាន ។


តុក្កតាឆ្មាបោយដៃ (招き猫/Manekineko)
ចាប់តាំងពីពេលនោះមកមានពាក្យលេចឮថាឆ្មាជាសត្វនាំសំណាង ទើបមានការសូនដីឥដ្ឋជារូបឆ្មា និងដាក់ឆ្មាបោយដៃតាមទីតាំងនានានៅប្រទេសជប៉ុន ឬនៅតាមបរទេសក៏អាចឃើញឆ្មាបក់ដៃ មានច្រើនប្រភេទច្រើនទំហំនិងច្រើនពណ៌ ខ្លះធ្វើឲ្យដៃឆ្វេងអាចបោយបាន ដោយនៅដៃស្ដាំកាន់កាក់ ព្រោះមានជំនឿថាបើឆ្មាដែលយើងចិញ្ចឹមលើកជើងមុខស្មើនឹងត្រចៀកខាងឆ្វេងបាន នឹងមានមនុស្សមករក បើជាកន្លែងលក់ដូរនឹងមានភ្ញៀវចូលមកជាវទំនិញ ។


តុក្កតាឆ្មាបោយដៃ (招き猫/Manekineko)


ប្រភពឯកសារៈវេបសាយបរទេស

ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.