Header Ads

Header ADS

ផ្កាកុលាប (Phka Ko Larb)

កុលាប (ភាសាអង់គ្លេស:Rose, ឈ្មោះវិទ្យាសាស្រ្ត:Rosa hybrids) ជាផ្កាដែលមានត្រូវបាននិយមដាំច្រើនបំផុតនៅក្នុងពិភពលោក ។
កុលាប មានប្រភពនៅទ្វីបអាស៊ី ត្រូវបាននិយមដាំដុះដើម្បីសោភណភាព, តុបតែងលម្អនិងធ្វើអាជីវកម្ម ដូចជាធ្វើជាទឹកអប់, គ្រឿងផ្សំរបស់ស្ប៉ាជាដើម ។
កុលាប (ន.) [កុ-ល៉ាប] ឈ្មោះ​ដើម​ផ្កា​មួយ​ប្រភេទ​សណ្ឋាន​ជា​វល្លិ​មាន​បន្លា មាន​ក្លិន​ក្រអូប​ឆ្ងាញ់ ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]


ផ្កាកុលាបពណ៌ក្រហម
1
ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
ដែន
Eukaryote
អាណាចក្រ
Plantae
ថ្នាក់
Magnoliopsida
លំដាប់
Rosales
អម្បូរ
Rosaceae
អម្បូររង
Rosoideae
ពួក
Rosa L.
ប្រភេទ
មានប្រហែល 100-150 ប្រភេទ


មាតិកា
១.និរុត្តិសាស្ត្រ
២.អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច
៣.ប្រភេទ
៤.ពន្ធុ
៥.ការបន្តពូជ
៦.លក្ខខណ្ឌសមស្របសម្រាប់ការដាំដុះ
៧.ការមើលថែ
៧.១ ការស្រោចទឹក
៧.២ ការដាក់ជីមុនដាំដុះ
៧.៣ ការដាក់ជីខណៈពេលដាំដុះ
៧.៤ បរិមាណនិងសមាមាត្រនៃសារធាតុចិញ្ចឹម
៨.ការតុបតែងមែក
៩.ជំងឺ
១០.សត្វល្អិតនិងសត្រូវ
១១.ការប្រមូលផលផ្កា
១២.កម្រងរូបភាព



១.និរុត្តិសាស្ត្រ
ពាក្យថា កុលាប មកពីភាសាហិណ្ឌូថា गुलाब (Gulāba គុ-ឡាប) នៅក្នុង​ភាសាពែក្សប្រែថា ពណ៌ក្រហម

២.អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច

កាយវិភាគវិទ្យារបស់កុលាប

កុលាបជាផ្កាដែលត្រូវបានដាំដុះសម្រាប់ធ្វើអាជីវកម្មទូទាំងពិភព​លោកតាំងពីយូរលង់ម្ល៉េះ ។ ផ្កាកុលាបបានជាប់ចំណាត់ថ្នាក់លេខ 1 នៅលើទីផ្សារដេញថ្លៃអាល់មៀនៃប្រទេសហូឡង់ដែលជាទីផ្សារដេញថ្លៃបំផុតនៅក្នុងពិភពលោក កាលពីឆ្នាំ 19981 ដោយលក់បានដល់ទៅ 1672 លាន​ទងនិងតែងតែលក់បានច្រើនបំផុតនៅប្រទេសនានាពេលធៀបនឹងផ្កាដទៃទៀត ។
ប្រទេសធំៗនៅក្នុងពិភពលោកដែលដាំផ្កាកុលាប មានដូចជាប្រទេសកូឡុំប៊ី, កែនយ៉ា, តង់ហ្សានី, បារាំង,​​ ប៊ែលហ្ស៊ីក,​ ម៉ាឡាវី, មិកស៊ិក, សហរដ្ឋអាមេរិក, អេក្ខាទ័រ, អាល្លឺម៉ង់, អេស្ប៉ាញ, អ៊ីតាលី, អ៊ីស្រ្តាអ៊ែល, ហូឡង់, ហ្ស៊ីមបាវ៉េ ជាដើម ។

៣.ប្រភេទ
កុលាបអាចចាត់ចំណាត់ថ្នាក់បានច្រើនប្រភេទដូចជា ចំណាត់ថ្នាក់តាមភិនភាគនៃរីក​លូតលាស់, ទំហំផ្កា, ពណ៌ផ្កា, កម្ពស់ដើមនិងតាមភិនភាគរបស់ផ្កា ជាដើម ។
ខាងក្រោមនេះជាការចាត់ចំណាត់ផ្កាកុលាបតាមសណ្ឋាននៃការប្រើប្រាស់តាមទីផ្សារពិភពលោកជា 5 ប្រភេទ ៖
·កុលាបផ្កាធំ ឬកុលាបទងវែង (Large Flowered or Long Stemmed Roses) ជា Hybrid Tea Rose ដែល​មានផ្កាធំៗ តែលំបាកមើលថែ ផលផ្កាបានតិច (100-150 ទង/2/ឆ្នាំ) ។ បន្ទាប់ពីត្រូវកាត់ចេញពីដើម វាមាន​អាយុខ្លីជាងពេលប្រៀបធៀបនឹងកុលាប Floribunda តែងតែមានទងវែងប្រវែងពីចន្លោះ 50-120 សង់​ទីម៉ែត្រ ។
កុលាបផ្កាធំ​មានការនិយមខ្លាំងនៅកូឡុំប៊ី, ជប៉ុន, បារាំង, ម៉ារ៉ុក, មិចស៊ិចកូ, សហរដ្ឋអាមេរិក, ហ្ស៊ីម​បាវ៉េ, អ៊ីតាលីនិងអេក្ខាទ័រ ។
ពូជកុលាបផ្កាធំដែលមានការនិយមនៅលើទីផ្សារអន្តរជាតិមានដូចជា ពូជ Vega ពណ៌ក្រហម, Madam Delbard, Visa ពណ៌ក្រហម, Rote Rose, Carl Red, Sonia ពណ៌ផ្កាឈូក, First Red, Prophyta ពណ៌ស៊ីម៉ង់ត៍, Bianca ពណ៌, ណូ Noblesse ពណ៌ផ្កា​ឈូក និង Grand Gala ពណ៌ក្រហម ជាដើម ។

·កុលាបផ្កាមធ្យម ឬកុលាបទងធម្យម (Medium Flowered or Medium Stemmed Roses) ជាប្រភេទកុលាបថ្មី ដែលភិនភាគរបស់​វា​នៅចន្លោះកុលាបផ្កាធំនិងកុលាបផ្កាតូច ។ ជា Hybrid Tea Rose ឲ្យផលផ្កាច្រើន (150-220 ទង/2/ឆ្នាំ) ​បន្ទាប់ពីត្រូវកាត់ចេញពីដើម វាមានអាយុវែងនិងធន់នឹងការដឹកជញ្ជូនបានល្អ ចំណែកទងមាន​ប្រវែងពីចន្លោះ 20-60 សង់ទីម៉ែត្រ ។
ប្រភពដាំដុះសំខាន់ៗមានដូចជាប្រទេសកែនយ៉ា, ហូឡង់, ហ្ស៊ីមបាវ៉េ, អាល្លឺម៉ង់, អ៊ីតាលី, អ៊ីស្រ្តាអ៊ែល ។
 ពូជដែលត្រូវបាននិយមដាំដុះមានដូចជា Sachaពណ៌ក្រហម, Mercedes ពណ៌ក្រហម, Gabrielle ពណ៌ក្រហមស្រស់, Kiss ពណ៌ផ្កាឈូក, Goldentime ពណ៌លឿង, Safari ពណ៌ទឹកក្រូច Souvenir ពណ៌ស្វាយ ជាដើម ។

·កុលាបផ្កាតូច ឬកុលាបទងខ្លី (Small Flowered or Short Stemmed Roses) ជាកុលាបដែលត្រូវបាននិយមដាំនិងប្រើប្រាស់ច្រើននៅអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់និងហូឡង់ ។ កុលាបទងខ្លីនេះជាកុលាប Floribunda ឲ្យផលផ្កាច្រើន (220-350 ទង/2/ឆ្នាំ) ។ បន្ទាប់ពីត្រូវកាត់ចេញពីដើម វាមាននអាយុវែងនិងធន់នឹងការដឹកជញ្ជូនជាងកុលាបផ្កាធំ ចំណែកទងមាន​ប្រវែងពី 30-50 សង់ទីម៉ែត្រ ។
ប្រភពដាំដុះមានដូចជាប្រទេសកែនយ៉ា, ហូឡង់, អាល្លឺម៉ង់និងអ៊ីស្រ្តាអ៊ែល ។
ពូជដែលត្រូវបាននិយមដាំដុះមានដូចជា Frisco ពណ៌លឿង, Escimo ពណ៌ស, Motrea ពណ៌ក្រហម, Surprise ពណ៌ផ្កាឈូក និង Lambada ពណ៌ទឹកក្រូ ជាដើម ។

·កុលាបផ្កាកញ្ចុំ (Spray Roses) ជាប្រភេទកុលាបថ្មី ឲ្យផលផ្កាតិច (120-160 ទង/2/ឆ្នាំ) ទងមានប្រវែងពី 40-70 សង់ទីម៉ែត្រ ។ មួយកញ្ចុំមានផ្កាពី 4-5 ទង និងមានទីផ្សារមានកំណត់ដូចជា Evelien ពណ៌ផ្កាឈូក, Diadeem ពណ៌ផ្កាឈូក និង Nikitaពណ៌ក្រហម) ជាដើម ។

·កុលាបឆ្មារ (Miniature Roses) មានទំហំតូច ឬក្រិន មានកម្ពស់មិនលើសពី 1 ហ្វុត ឲ្យផលផ្កាច្រើន (220-350 ទង/2/ឆ្នាំ) ទងមានប្រវែងពី 20-30 សង់ទីម៉ែត្រ និងមានទីផ្សារមានកំណត់ ។ លើកលែង​ តែនៅប្រទេសជប៉ុន, អាហ្រ្វិកខាងត្បូងនិងអ៊ីតាលី ។

៤.ពន្ធុ
ការជ្រើសរើសពូជកុលាបនាសម័យបច្ចុប្បន្ននេះគឺគិតគូរទៅលើផលប្រយោជន៍និងសារសំខាន់ដែលអ្នកប្រើប្រាស់ទទួលបាន ជាងសម្រស់ស្អាតទាក់ទាញភ្នែករបស់ផ្កា ដែលលម្អបានមិនប៉ុន្មានថ្ងៃក៏ក្រៀមស្វិត ដូច្នេះហើយទើបត្រូវគិតគូរទៅលើចំណុចដូចខាងក្រោមនេះ៖
·មានផ្កាច្រើន បច្ចុប្បន្នកុលាបផ្កាតូចមានផលផ្កាច្រើនដល់ទៅ 300 ទង/2/ឆ្នាំ) ។
·អាយុកាលបន្ទាប់ពីកាត់ចេញពីដើមអាចរក្សាទុកបានយូរ ពូជកុលាបនាសតវត្សរ៍មុនរក្សាទុកបានត្រឹម 5-6 ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នអាចរក្សាទុកបានដល់ទៅ 16 ថ្ងៃ ។
·កុលាបដែលអាចស្រូបទឹកបានល្អ ។
·កុលាបដែលគ្មានបន្លា ឬមានបន្លាតិចដើម្បីភាពងាយស្រួលក្នុងការចាត់ចែង ។
·ពណ៌:ដូចជាពណ៌ក្រហមស្រស់អាចគ្រប់គ្រងទីផ្សារបាន បន្ទាប់មកគឺពណ៌ផ្កាឈូក ពណ៌ស្រស់ត្រជាក់ភ្នែកនិងផ្កាមួយទងដែលមានពណ៌ពីរ ។
·ក្លិន:វាគួរឲ្យសោកស្ដាយដែលកុលាបមានក្លិនក្រអូបឈ្ងុយធន់មិនបានយូរ ប៉ុន្តែក៏មានពូជកុលាបដែលមានក្លិនក្រអូបប្រហើរ ។

៥.ការបន្តពូជ
កុលាបអាចបន្តពូជបានច្រើនវិធី ដូចជាកាត់ផ្សាំ, បំបៅ, បិទសៀតនិងជាលិកាបណ្តុះវប្បកម្ម (plant tissue culture) ដើម្បីទទួលបានកុលាបដែលមានឫសគល់រឹងមាំនិងផលផ្កាច្រើន កសិករតែងតែនិយមដាំដុះដោយយកកុលាបពូជដែលល្អទៅបិទសៀតនឹងកុលាបព្រៃ ។

៦.លក្ខខណ្ឌសមស្របសម្រាប់ការដាំដុះ
·លក្ខខណ្ឌដី
  កុលាបដែលត្រូវដាំ គួរដាំនៅលើដីដែលស្រូបទឹកបានល្អ មានជាតិអាស៊ីតតិច PH ប្រហែល 6-6.5 និងទទួលពន្លឺថ្ងៃបានយ៉ាងហោចណាស់ 6 ម៉ោង ។
·លក្ខខណ្ឌអាកាសធាតុ
  អាកាសធាតុដែលសមស្របនៅក្នុងការលូតលាស់របស់កុលាបគឺ ពេលយប់មានសីតុណ្ហភាព 15-18 oC និងពេលថ្ងៃ 20-25 oC ដែលជាសីតុណ្ហភាពធ្វើឲ្យទទួលបានផ្កាដែលមានគុណភាពល្អនិងផលច្រើន ។
បើសីតុណ្ហភាពទាបជាង 15 oC ការលូតលាស់និងការចេញផ្កាវាមានភាពយឺតយ៉ាវខ្លាំង តែបើសីតុណ្ហ ភាពខ្ពស់ជាង 25 oC គួរឲ្យមានសំណើមក្នុងអាកាសធាតុខ្ពស់ដើម្បីពន្យឺតការបន្សោះជាតិទឹក ។
សំណើម
សំណើមដែលសមស្របសម្រាប់ការលូតលាស់របស់កុលាបគឺ 10-80 % នៃពន្លឺ កុលាបនឹងឲ្យផលផ្កាច្រើននិងមានគុណភាពល្អ ។

៧.ការមើលថែ
៧.១ ការស្រោចទឹក
ការប្រើប្រព័ន្ធទឹកបន្តក់ ឬប្រើក្បាលរ៉ូមីណេតាមរងរបស់វាចំនួន 6-7 លីត្រ/3/ថ្ងៃ ឬ 29 លីត្រ/3/ថ្ងៃ ដោយអាចស្រោចរាល់ថ្ងៃ ឬស្រោច 2 ថ្ងៃម្ដង ឬ 2-3 ថ្ងៃម្ដង គឺអាស្រ័យទៅលើដីជ្រាបទឹក ។ កុំស្រោច​ទឹកឲ្យដីសើមរហូត គួរឲ្យដីមានឱកាសបង្ហួតទឹកនិងមានខ្យល់ចូលខ្លះ ។ ដូច្នេះហើយបើដាំក្នុងរោងគឺត្រូវស្រោចទឹកប្រហែល 7800 លីត្រ/3/សប្ដាហ៍ ឬ 78.4/3/សប្ដាហ៍ ។ ទឹកដែលប្រើប្រាស់នោះគួរមានគុគុណភាពល្អ មាន PH 5.6-6.6 ។
៧.២ ការដាក់ជីមុនដាំដុះ
ការដាក់ជីមុនពេលដាំដុះវាផ្ដល់អត្ថប្រយោជន៍ពីរយ៉ាង៖
·ផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលរុក្ខជាតិត្រូវការតាំងពីចាប់ផ្ដើមដាំ
·និងផ្ដល់សារធាតុចិញ្ចឹមមួយចំនួននៅក្នុងកម្រិតគ្រប់គ្រាន់សម្រាប់ការដាំដុះពេញមួយរដូវ ដែលធ្វើឲ្យអាចផ្អាក ឬកាត់បន្ថយការដាក់ជីនោះបាន ។
នៅខណៈពេលដាំដុះ ការផ្គត់ផ្គង់សារធាតុចិញ្ចឹមដល់រុក្ខជាតិ វាមានការលំបាក ដោយសារមានសារធាតុដល់ 14 ប្រភេទនៅក្នុងដីស្រាប់ទៅហើយ ។
៧.៣ ការដាក់ជីខណៈពេលដាំដុះ
ដោយសារសារធាតុចិញ្ចឹមភាគច្រើនមាននៅក្នុងដីស្រាប់ទៅហើយ ទើបពេលដាំនៅសល់តែអាសូតនិង​ប៉ូតាស្យូម ដែលត្រូវលាងចេញបានងាយ ដូច្នេះហើយទើបត្រូវដាក់ជីឲ្យសារធាតុទាំងពីរនៅខណៈពេលដែលរុក្ខជាតិលូតលាស់ ដែលការដាក់ជីអាចធ្វើបានដំណាលនឹងការស្រោចទឹក ។
ការដាក់ជីនិងស្រោចទឹកកុលាបដំណាលគ្នា បើធ្វើរាល់ថ្ងៃនឹងផ្ដល់អត្រានៃភាពរឹងមាំក្នុងអាសូត 160 ម.ក/លីត្រ (ppm) និងបើសិនដាក់ជីរាល់សប្ដាហ៍នឹងផ្ដល់អត្រានៃភាពរឹងមាំដល់អាសូត 480 ម.ក/លីត្រ (ppm)
៧.៤ បរិមាណនិងសមាមាត្រនៃសារធាតុចិញ្ចឹម
សាមាមាត្រនៃអាសូត (N), ផូស្វ័រ (P2O) និង ប៉ូតាស្យូម (K2O)  សម្រាប់កុលាបនៅដំណាក់កាល នីមួយៗគឺ៖
-ដំណាក់កាលបង្កើតគុម្ព សមាមាត្រ 1 : 0.58 : 0.83
-ដំណាក់កាលចេញផ្កា សមាមាត្រ 1 : 0.58 : 0.83
-ដំណាក់កាលតុបតែងមែក សមាមាត្រ 1 : 0.58 : 0.83

៨.ការតុបតែងមែក
ការមើលថែកុលាបនៅដំណាក់កាលដំបូង ពេលកុលាបចាប់បែកខ្នែង គួរបន្ថែមឲ្យមានការលូតលាស់ផ្នែកស្លឹកដើម្បីសន្សំសារធាតុចិញ្ចឹម និងបង្កើតមែកខ្នែងដើម្បីឲ្យផ្កាមានទំហំធំនិងទងវែង ដែលអាចធ្វើបានដោយការ​ក្ដិចត្រួយយូរៗម្ដងរយៈពេល 2-3 ខែ ដោយក្ដិចស្លឹកទី 2 បន្ទាប់ពីត្រួយពេលផ្កាមានទំហំធំប៉ុនគ្រាប់សណ្ដែកឡាន់តាវ ក្រោយមកមែកខ្នែងនឹងដុះ ដែលវាអាចក្លាយជាដើមថ្មី ដែលចេញផ្កាមានគុណភាពល្អ ។
ការតុបតែងមែកកុលាបអាចធ្វើបានច្រើនវិធី ដោយវិធីនីមួយៗមានគោលការណ៍ស្រដៀងៗគ្នា គឺតុបតែងឲ្យបានមែកដែលសម្បូរបែបដើម្បីយកផលផ្កានិងដើម្បីបានមែកខ្នែង (water sprout or  bottom break​) កាន់តែច្រើននិងរក្សាស្លឹកបានច្រើនបំផុត ដើម្បីទទួលបានមែកដែលសម្បូរបែប គួររក្សាឲ្យគុម្ពកុលាបស្រឡះល្អនិងមិនខ្ពស់ពេក​ ដើម្បីភាពស្រួលក្នុងការមើលថែនិងពន្លឺដែលចូលដល់គល់កុលាបអាចជួយរំញោចឲ្យកើតមែកខ្នែងទៀតផង ។
ការតុបតែងមែកដែលមានការនិយមនាសម័យបច្ចុប្បន្នគឺ កាត់បែបខ្ពស់និងទាប (ជាងមែកធម្មជាតិចុងក្រោយ) ដើម្បីឲ្យផ្កាមានចំនួនសមាមាត្រពេញមួយឆ្នាំ ។

៩.ជំងឺ
កុលាបជារុក្ខជាតិយកផ្កាមួយប្រភេទដែលមានសត្រូវច្រើន ដូច្នេះហើយការការពារនិងកម្ចាត់សត្រូវឲ្យមានប្រសិទ្ធិភាព អ្នកដាំដុះគួរតែដឹងពីបរិយាកាសដែលសមស្របនិងវដ្ដជីវិតរបស់សត្រូវ រួមទាំងការការពារ កម្ចាត់និងការប្រើសារធាតុគីមីឲ្យ​មានប្រសិទ្ធិភាពដើម្បីមិនឲ្យមានគ្រោះថ្នាក់ចំពោះខ្លួនឯងនិងអ្នកដទៃ ។ ហើយគួរបណ្ដុះបណ្ដាលអ្នកមើលថែឲ្យឧស្សាហ៍ពិនិត្យរងនិងពិនិត្យដើមកុលាបរាល់ថ្ងៃនឹងជួយឲ្យយើងរកឃើញជំងឺ ឬសត្វល្អិតនៅដំណាក់កាលដំបូង ធ្វើឲ្យយើងអាចកម្ចាត់វាបាន​ងាយ ។
នៅក្នុងការបាញ់សារធាតុគីមី គួរប្រើសារធាតុគីមីប្រភេទតែមួយជាប់គ្នាៗយ៉ាងហោចណាស់ 2-3 ដង ដើម្បីឲ្យសារធាតុនោះបញ្ចេញប្រសិទ្ធិភាពឲ្យអស់ពីសមត្ថភាព បន្ទាប់ពីនោះគួរផ្លាស់ប្ដូរសារធាតុគីមីដើម្បីកាត់បន្ថយភាពស៊ាំ ។
·ជំងឺទឹកសន្សើម (Downey mildew) ជំងឺឆ្លង, ផ្សិត Peronospora spasa ភិនភាគនៃការបំផ្លាញ បង្ហាញឲ្យសភាពលើផ្ទៃស្លឹក, មែក, ទង, ស្រទបនិងត្របក ។ ការបំផ្លាញនឹងកម្ចាត់ផ្នែកទន់ ឬត្រួយ ។
·ជំងឺម្សៅ (Powdery mildew) ជំងឺឆ្លង, ផ្សិត Sphaerotheca pannosa ភិនភាគនៃការបំផ្លាញ ស្ថាន​ភាពដំបូងគឺស្លឹកផ្នែកខាងលើឡើងប៉ោង ជប់ទឹកតិចៗ សភាពត្រង់នោះមានពណ៌ក្រហម ហើយអាចមានសរសៃពណ៌សនិង abspore ។ ពណ៌សបង្ហាញឲ្យច្បាស់លើផ្ទៃស្លឹកខ្ចី ហើយអាចត្រូវគ្របដណ្ដប់ដោយសរសៃពណ៌ស ស្លឹកចាស់អាចមិនខូចទ្រង់ទ្រាយ តែនឹងមានផ្សិតម្សៅមូលៗ ឬទ្រង់ទ្រាយមិនច្បាស់លាស់ ។
·ជំងឺស្លឹកអុជៗខ្មៅ (black spot: Diplocarpon rosae) ជាជំងឺដែលតែងតែប្រទះឃើញលើកុលាបដែល​ត្រូវដាំជារងធំៗ ឬដាំលម្អគេហដ្ឋានត្រឹម ២-៣ដើម ដោយភាគច្រើនកើតឡើងចំពោះស្លឹកនៅខាងក្រោម ។ សភាពដំបូង​គឺជាអុជៗខ្មៅលើផ្ទៃស្លឹក ហើយនឹងរីកកាន់តែធំ បើអាកាសធាតុមានសំណើមខ្ពស់និងផ្ទៃស្លឹកទទឹក បើមានសភាពបែបនេះ​ជាប់គ្នាជាបន្តបន្ទាប់ យូរៗទៅនឹងធ្វើឲ្យស្លឹកជ្រុះមុនការកំណត់ ដើមស្វិត ស្លឹកនិងផ្កាមានទំហំកាន់តែតូច ។
·ជំងឺដែលកើតឡើងដោយសារមេរោគ វាមានភិនភាគខុសគ្នាទៅតាមប្រភេទមេរោគ ដូចជាស្លឹកលឿងស្លេក ជាដើម ។
·ជំងឺពណ៌ប្រផេះ (botrytis: Botryotinia fuckeliana syn. Botrytis cinerea) តែងតែប្រទះឃើញពេលមានសីតុណ្ហភាពទាប មានសំណើមខ្លាំងនិងបរិយាកាសមិនល្អ ។ ផ្កាក្រពុំនឹងមានអុជពណ៌ត្នោត វាកាន់​តែ​រាលធំនិងស្អុយ ។
ដើម្បីការពារមិនឲ្យផ្កាកុលាបត្រូវទឹកភ្លៀង គួរតែដាំកុលាបក្នុងរោងផ្លាស្ទីកនិងគួរបាញ់ថ្នាំគីមីនៅផ្ទៃខាងនិងផ្ទៃលើផ្កាដែរ ។
·ជំងឺមែកស្វិត (die back) កើតឡើងដោយសារមែកលើខ្នែងច្រើនពេគ ធ្វើឲ្យមេរោគចូលទៅបំផ្លាញ​មែក​លើខ្នែងទាល់តែក្លាយជាពណ៌ខ្មៅ និងអាចរាលដាលពេញមែកបាន ដូច្នេះហើយទើបគួរតែកាត់មែកហួសខ្នែងប្រហែល 0.65 សង់ទីម៉ែត្រនិងយកអង្កិតផ្ចិតប្រវែងប្រហែល 45 ដឺក្រេ​ ។

១០.សត្វល្អិតនិងសត្រូវ
·ស្រមើលក្រហម (Spider mite)
·ដង្កូវក្រហម (Thrips)
·ដង្កូវកប្បាស (Heliothis armigera)
·ដង្កូវស្បែកស្វិត (Onion cutworm: Spodoptera exigua)
·ដង្កូវកុលាប (Rose beetle: Adoretus compressus)
·ដង្កូវខ្យង (Scale insect: Aulucaspis rosae)
·សង្កើចឈើ (Aphids: Macrosiphum rosae, Myzaphis rosarum)

១១.ការប្រមូលផលផ្កា
ពេលវេលាដែលសមស្របនៅក្នុងការប្រមូលផ្កា គឺពេលផ្ការីក ឬឃើញត្របករបស់វាចាប់រីក (លើក​លែងពូជខ្លះ) បើកាត់​ពេលផ្កានៅខ្ចីពេក វានឹងមិនទាន់រីក ។
នៅរដូវក្ដៅ គួរកាត់ខណៈពេលដែលផ្កានៅក្រពុំល្អជាងកាត់នៅរដូវរងា ព្រោះផ្កាឆាប់រីកជាង ។

១២.កម្រងរូបភាព





កុលាបផ្កាធំពណ៌ស្វាយ
កុលាបផ្កាកញ្ចុំពណ៌ផ្កាឈូក
កុលាបឆ្មារពណ៌ផ្កាឈូក


ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.