Header Ads

Header ADS

ប័រ




ប័រ  ឬ អាវ៉ូកាចេរ ឬ អាវ៉ូកាដូ ឬ អាវ៉ូកាត៍ (ភាសាអង់គ្លេស : Avocado) ជាផ្លែឈើមាន​​សាច់ជាប័រ និងជាដើមឈើស្រុកមានកំណើតនៅប្រទេសម៉ិកស៊ីកូ និង អាមេរិកកណ្ដាល ។
ប័រ ជារុក្ខជាតិនៅក្នុងអម្បូរ Lauraceae ដែលស្ថិតក្នុងអម្បូរជាមួយ ផ្កាចន្ទន៍, ក្រវាញ និង Bay laurel
ប័រ ជាផ្លែឈើពាណិជ្ជកម្ម និងត្រូវបានដាំដុះនៅតំបន់ដែលមានអាកាសធាតុក្ដៅទូទាំងពិភពលោក (និងតំបន់ក្ដៅមធ្យម ដូចជារដ្ឋកាលីហ្វ័រញ៉ា) ។ ប័រ មានផ្លែពណ៌បៃតងដូចផ្លែសារីពេលទុំបន្ទាប់ពីប្រមូលផល ។ ដើម ប័រ អាចផ្ទេរឲ្យគ្នាបាន ហើយពេលខ្លះការបង្កាត់ពូជគឺធ្វើតាមវិធីផ្សាំមែក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងគុណភាពនិងបរិមាណផ្លែឈើ ។
អាវ៉ូកាចេរ (ន.) (បារ.) (Avocatier) ឈ្មោះឈើជាដំណាំមួយប្រភេទ មានដើមធំស្លឹកមានទ្រង់​ទ្រាយស្រដៀងនឹងស្លឹកសាលព្រឹក្ស ប៉ុន្តែស្តើងទន់ ផ្លែវាហៅអាវ៉ូកាត៍ (បារ. Avocat) ផ្លែមានសណ្ឋានទ្រវែង មានទំហំប៉ុនផ្លែព្នៅខ្នាតជំទើរខ្លះ ប៉ុនផ្លែត្រឡាចស្រូវ គឺត្រឡាចខ្នាតតូចខ្លះ ខាងលើតូច ខាងក្រោមធំ, ផ្លែទុំមានសាច់ទន់ជ្រាយ ស្រដៀងនឹងត្រសក់ស្រូវខ្មែរ, មានគ្រាប់តែមួយធំ មានស្រោមសាច់ទន់ឱបគ្រាប់, ទំហំគ្រាប់ស្រដៀងនឹងគ្រាប់ផ្លែទុរេន, បណ្តុះបានដោយងាយ, ផ្លែទុំសម្រាប់ប្រើជាខាទនីយាហារ, មុននឹងបរិភោគ ត្រូវចិតយកសំបកស្តើងចេញ ហើយកាត់សាច់ផ្លែនោះជាដុំៗ ដូចត្រសក់ស្រូវដែរ រួចលាយស្ករ-សសុទ្ធក៏បាន លាយទឹកដោះគោកំប៉ុងក៏បាន លាយខ្ទិះដូងឆៅផ្អែមក៏បាន, មានឱជារសស្រដៀងនឹងត្រសក់ស្រូវទុំ ប៉ុន្តែមិនភ្លាវទេ ឆ្ងាញ់ជាងត្រសក់ស្រូវខ្មែរ ។ អាវ៉ូកាចេរ នេះជាឈើដំណាំមានពូជមកពីប្រទេសបារាំងសែស ប្រភពដើមមកពីប្រទេសអាមេរិគ, ដាំនៅប្រទេសកម្ពុជាយើងកើត, យ៉ាងយឺតណាស់ត្រឹមប្រាំឆ្នាំក៏អាចមានផ្លែ, គេបានដាំពិសោធមើលរួចទៅហើយ ឃើញកើតមានផ្លែដូចនៅប្រទេសបារាំងដែរ ។ គួរប្រជាពលរដ្ឋខ្មែរយើងពេញចិត្តដាំដំណាំនេះឲ្យមានបរិបូណ៌ឡើង ព្រោះជាសេដ្ឋកិច្ចមួយប្រភេទ ដែលចាប់កំណើតមានជាដំបូងក្នុងសម័យសង្គមរាស្រ្តនិយមព្រះពុទ្ធសាសនា, ក្នុងស្រុកភូមិនិងវត្តនីមួយៗ គួរដាំហើយថែទាំបំប៉នជីសាប កុំប្រើជីប្រៃ, រដូវប្រាំងត្រូវចាក់ទឹកស្រោចជួយខ្លះផងកុំឲ្យវាងាប់, លុះឈើនេះមានដើមធំហើយ ក៏អាចរស់បានឯងៗ ដូចឈើដំណាំប្រភេទទៀតៗ នោះដែរ (បើមិនហៅ អាវ៉ូកាចេរ តាមបារាំង, យើងអាចហៅថា ដើមអាវ៉ូកាត៍ តាមឈ្មោះផ្លែវាក៏បាន) ។ [វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជជួនណាត]

ប័រ 

ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
(unranked)
Angiosperms
(unranked)
Magnoliids
លំដាប់
Laurales
អម្បូរ
Lauraceae
ពួក
Persea
ប្រភេទ
P.americana
ឈ្មោះទ្វេនាម
Persea americana Mill.

មាតិកា
១.លក្ខណៈរុក្ខសាស្រ្ត
២.ពូជ
៣.ឈ្មោះដូច
៤.លក្ខណៈពិសេសរបស់ប័រ
៥.គុណសម្បត្តិនិងអត្ថប្រយោជន៍
៦.តម្លៃអាហារូបត្ថម្ភក្នុង 100 g
  
១.លក្ខណៈរុក្ខសាស្រ្ត
ដើមប័រ






ប័រ មានដើមត្រង់ កម្ពស់អាចដល់ទៅ 18 ម៉ែត្រ សំបកពណ៌ត្នោតខ្ចី ហើយគ្រើមដូចស្បែកក្រពើ


ស្លឹកប័រមានពណ៌បៃតង ។



 ផ្កាប័រមានទំហំតូចៗពណ៌សព្រលាំលឿង មាន 6 ត្របក ចេញជាកញ្ចុំពីចុងមែក ។

ផ្កាប័រមិនទាន់រីក
ផ្កាប័រមិនទាន់រីក




ផ្កាប័ររីក

ផ្កាប័ររីក

ផ្កាប័ររីក


ផ្លែប័រ
ផ្លែប័រមានរាងទ្រវែងឬមូល ស្រដៀងនឹងផ្លែសារី មានទាំងពូជសម្បកស្ដើងនិងសម្បកក្រាស់ មានសាច់ម៉ដ្ឋ មានសម្បុរតាំងពីលឿងខ្ចីទៅដល់លឿងចាស់ គ្មានក្លិន មានគ្រាប់តែ 1 និងមានស្រោមស្រោបគ្រាប់ ។





២.ពូជ
ប័រចែកចេញជា 3 ពូជគឺៈ
1. ពូជគួទ័រម៉ាឡា (Guatemala) មានផ្លែពណ៌បៃតង ក្បាលផ្លែគ្រើម គ្រាប់មានទំហំតូច រាងមូល សាច់ក្រាស់ សម្បូរជាតិប្រេង ស័ក្ដិសមនឹងអាកាសធាតុត្រជាក់បង្គួរ ។
2.  ពូជឥណ្ឌាខាងលិច (West Indian) សម្បករលោងរងើមមានពណ៌បៃតងព្រលាំលឿង សាច់ក្រាស់ គ្រាប់នៅក្នុងស្រោមរលុង មានរសជាតិផ្អែមឡែមៗ មានជាតិប្រេងតិច ធន់នឹងអាកាសធាតុក្ដៅ ។
3.    ពូជម៉ិកស៊ីកូ មានផ្លែតូច សម្បករលោងស្ដើងជាងពូជពីរទៀត ពេលចាស់មានពណ៌ស្វាយ ស្រោមស្រោបគ្រាប់ស្ដើងនិងធំរលុង មានជាតិប្រេងច្រើន ធន់នឹងអាកាសធាតុត្រជាក់បានល្អ ។


៣.ឈ្មោះដូច
·         Laurus persea L.
·         Persea americana var. angustifolia Miranda
·         Persea americana var. drymifolia (Cham. & Schltdl.) S.F.Blake
·         Persea americana var. nubigena (L.O.Williams) L.E.Kopp
·         Persea drymifolia Cham. & Schltdl.
·         Persea edulis Raf.
·         Persea floccosa Mez
·         Persea gigantea L.O.Williams
·         Persea gratissima C.F.Gaertn.
·         Persea gratissima var. drimyfolia (Schltdl. & Cham.) Mez
·         Persea gratissima var. macrophylla Meisn.
·         Persea gratissima var. oblonga Meisn.
·         Persea gratissima var. praecox Nees
·         Persea gratissima var. vulgaris Meisn.
·         Persea leiogyna Blake
·         Persea nubigena L.O.Williams
·         Persea nubigena var. guatemalensis L.O.Williams
·         Persea paucitriplinervia Lundell
·         Persea persea (L.) Cockerell
·         Persea steyermarkii C.K.Allen

៤.លក្ខណៈពិសេសរបស់ប័រ
អ្នកខ្លះចាញ់ប័រ ដោយចាញ់លម្អង ឬចាញ់បន្ទាប់ពីទទួលទាន ដែលហៅថា Latex-fruit syndrome ព្រោះពាក់ព័ន្ធនឹងការចាញ់ Latex ដែលអាការទាំងនោះមានដូចជា ឡើងកន្ទាលត្រអាក, ស្កៀបរមាស់, ឈឺ​ពោះ, ក្អួត ឬអាចដល់ថ្នាក់បាត់បង់ជីវិត ។
ស្លឹក, សម្បក ដើម និងស្រោមគ្រាប់របស់ប័រ មានពិសចំពោះសត្វជាច្រើនប្រភេទដូចជា ឆ្មា, ឆ្កែ, ពពែ, ទន្យាយ, កណ្ដុរ, បក្សី, មាន់, ត្រី និង សេះ ជាដើម ចំណែកផ្លែក៏មានពិសចំពោះបក្សីមួយចំនួនដែរ ។
American Society for the Prevention of Cruelty to Animals (ASPCA) បានប្រកាសថា ប័រមានពិសចំពោះសត្វទាំងឡាយ ។ Avo Derm នៅក្នុងប័រដែលត្រូវបានលាយនឹងចំណីឆ្កែនិងចំណីឆ្មា ត្រូវបាន ASPCA មិនធានាថាវាមានសុវត្ថិភាពឬអត់នោះទេ ។

៤.គុណសម្បត្តិរបស់ប័រនិងអត្ថប្រយោជន៍
-គុណសម្បត្តិ
ផ្លែប័រខ្ចី យើងមិនអាចទទួលទានបានទេ ព្រោះវាមានសារជាតិ Tannin ធ្វើឲ្យមានរសជាតិល្វីង ញ៉ាំច្រើននឹងធ្វើឲ្យឈឺក្បាល ។ យើងអាចទទួលបានតែផ្លែទុំ ដោយទទួលទានស្រស់ៗ ឬទទួលទានជាមួយការ៉ែម, ស្ករ, ទឹកដោះគោផ្អែម និងធ្វើជាសាឡាដខេក ជាដើម ។
ជនជាតិម៉ិកស៊ីកូយកផ្លែប័រធ្វើជាគ្រឿងផ្សំសម្រាប់អាហារជំនួសប័រ និងចម្រាញ់ធ្វើជាគ្រឿងសម្អាង ឯនៅប្រទេសហ្វីលីពីន, ប្រេស៊ីល, ឥណ្ឌូណេស៊ី, វៀតណាម និងឥណ្ឌាខាងត្បូង និយមទទួលទានប័រជាមួយនំប៉័ង ឬ  ការ៉ែម ។ ប្រជាជនហ្វីលីពីន, ប្រេស៊ីល, វៀតណាម និងឥណ្ឌូណេស៊ី និយមបន្ថែមស្ករ ទឹកដោះគោ ឬជួនកាលស្រោចសូកូឡាពីលើ ។

ភេសជ្ជៈប័រ

នំប័រ

-អត្ថប្រយោជន៍
+អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយៈ
·         ជាតិប្រេងនៅក្នុងសាច់ប័រ ជួយកាត់បន្ថយកម្រិត LDL-cholesterol ដែលជាកូឡេស្តេរ៉ូលមានផលប៉ះពាល់ចំពោះរាងកាយ និងបន្ថែមកម្រិត HDL-cholesterol នៅក្នុងឈាម ដែលជាកូឡេស្តេរ៉ូលមានគុណសម្បត្តិចំពោះរាងកាយ ។
·        បង្ការជំងឺបេះដូង
·        កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម អ្នកជំងឺនេះខ្ពស់គួរទទួលទានផ្លែប័រ ។
·        ជួយបញ្ចុះទម្ងន់ ព្រោះកាបូអ៊ីដ្រាតមានកម្រិតទាប និងដោយសារមានជាតិស្ករតិច ទើបអ្នកជំងឺទឹកនោមផ្អែមអាចទទួលទានផ្លែប័របានដែរ ។
·        មានវីតាមីន A ដែលជាសារធាតុ Antioxidant ជួយការពារកោសិកាក្នុងរាងកាយពីសារធាតុពុលក្នុងខ្យល់ ទឹក និងចំណីអាហារ ហើយនិងជំនួយភ្នែក ។
·        មានវីតាមីន B ជួយបង្ការជំងឺស្ពឹកស្រពន់ និងជំងឺដំបៅមាត់ ។
·        មានវីតាមីន C ជួយបង្ការជំងឺផ្ដាសាយនិងឈាមអញ្ចាញធ្មេញ ។
·        ប័រសម្បូរទៅដោយសារធាតុរ៉ែ និងអាហារូបត្ថម្ភដែលចាំបាច់សម្រាប់រាងកាយ មិនថាជាកាល់ស្យូម, ប៉ូតាស្យូម, ផូស្វ័រ ដែលជួយកាត់បន្ថយកូឡេស្ដេរ៉ូល ជាពិសេសហ្វូលីកជាអាហារសំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះ ដោយសារហ្វូលីកជាអាហារូបត្ថម្ភចាំបាច់សម្រាប់ការលូតលាស់ ធំធាត់ និងបង្កើតជាលិការបស់ទារក ។

+អត្ថប្រយោជន៍ចំពោះសម្រស់
·         សម្រាប់ស្បែកៈ
ប័រត្រូវបានយកទៅចម្រាញ់ជាគ្រឿងសម្អាងថែរក្សាស្បែក ។
ស្រ្តីអាមេរិកខាងត្បូង និងម៉ិកស៊ីកូប្រើផ្លែប័រថែរក្សាស្បែកនិងសក់រាប់ពាន់ឆ្នាំមកហើយ ជាពិសេសអ្នកដែលមានស្បែកក្រៀម ។ ដោយយកផ្លែប័រមកក្រឡុកជាមួយនឹងចេកណាំវ៉ាទុំនិងទឹកឃ្មុំ 1/3 ស្លាបព្រាតែ បំពោកឲ្យពេញផ្ទៃមុខ ទុកចោលប្រហែល 15-20 នាទី ហើយលាងចេញ ស្បែកមុខរបស់លោកអ្នកនឹងមានសំណើម មានពន្លឺចែងចាំង ។
·         ថែរក្សាសក់ (សក់រួញ)
ប័រមានប្រូតេអ៊ីនខ្ពស់ជាងផ្លែឈើស្រស់ដទៃទៀតប្រហែល 0.8-1.7 % ដោយផ្ដល់ថាមពលដល់រាងកាយខ្ពស់ តែមានកាបូនអ៊ីដ្រាតទាប ប្រូតេអ៊ីនងាយរលាយ មានជាតិសរសៃច្រើន និងជាតិខ្លាញ់ដែលចាំបាច់ចំពោះរាងកាយនិងសរសៃសក់ ដែលមានតួនាទីព្យាបាល​​សក់ខូចនិងធ្វើឲ្យសក់រលូន ជួយឲ្យសក់មានទម្ងន់ កម្ចាត់បញ្ហាសក់រួញ កាត់បន្ថយបញ្ហាសក់ស្ងួត សក់សំពោង ។ 

៥.តម្លៃអាហារូបត្ថម្ភក្នុង 100 ក្រាម
ឈ្មោះ
ទម្ងន់
ភាគរយ
ថាមពល
160 kcal

កាបូអ៊ីដ្រាត
8.53 g

ជាតិស្ករ
0.66 g

ជាតិសរសៃ
6.7 g

ជាតិខ្លាញ់
14.66 g

ភាពឆ្អែត
2.13 g

ភាពមិនឆ្អែតទោល
9.80 g

ភាពមិនឆ្អែតត្រួត
1.82 g

ប្រូតេអ៊ីន
2 g

វីតាមីន
វីតាមីន A
7 μg
1 %
បេតាការ៉ូទីន
62 μg
1 %
លូទីនស៊ីសានទីន
271 μg

វីតាមីន B1
0.067 mg
6 %
វីតាមីន B2
0.13 mg
11 %
វីតាមីន B3
1.738 mg
12 %
វីតាមីន B5
1.389 mg
28 %
វីតាមីន B6
0.257 mg
20 %
វីតាមីន B9
81 μg
20 %
វីតាមីន C
            10 mg
12 %
វីតាមីន E
2.07 mg
14 %
វីតាមីន K
21 μg
20 %
ធាតុរ៉ែ
កាល់ស្យូម
12 mg
1 %
ជាតិដែក
0.55 mg
4 %
ម៉ាញេស្យូម
29 mg
8 %
ម៉ង់ហ្គាណែស
0.142 mg
7 %
ផូស្វ័រ
52 mg
7 %
ប៉ូតាស្យូម
485 mg
10 %
សូដ្យូម
7 mg
0 %
ស័ង្កសី
0.64 mg
7 %
ធាតុផ្សំផ្សេងទៀត
ទឹក
73.23 g

ហ្វ្លអរ៉ាយ
7 μg

kcal (kilocalorie) = កាឡូរី
μg (micrograms) = មីក្រូក្រាម
mg ( milligrams) = មីលីក្រាម



ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.