ប្រពៃណីហូបបួស
ប្រពៃណីហូបបួស (អង់គ្លេស:Nine
Emperor Gods Festival/Nine Emperor Gods,
ចិន: 九皇爺, ភីងអ៊ីង: Jiǔhuángyé, Pe̍h-ōe-jī: Káu-ông-iâ, ចិនក្វាងទុង: Kow Wong Yeh) ឬតំបន់ខ្លះហៅថា
ប្រពៃណីសុំសីលហូបបន្លែ ជាប្រពៃណីតាមលទ្ធិតាវ
មានរយៈពេល 9 ថ្ងៃ កំណត់យកថ្ងៃតាមចន្ទគតិ គឺចាប់ផ្ដើមពីថ្ងៃ 1 កើតដល់ថ្ងៃ 9 កើតខែ 9
តាមប្រក្រតិទិនចិនជារៀងរាល់ឆ្នាំ ។
ពិធីនេះកើតឡើងនៅប្រទេសចិនតាំងពីយូរលង់មកម្ល៉េះ ដោយមានរឿងនិទានជាច្រើន
។
បច្ចុប្បន្ននេះប្រពៃណីហូបបួសដែលប្រារព្ធនៅអាស៊ីអាគ្នេយ៏ រួមមានប្រទេសសិង្ហបូរី, ម៉ាឡេស៊ី,ថៃ,
កោះរីអ ឥណ្ឌូណេស៊ី
ហើយអាចមាននៅអាស៊ីបូព៌ា ដូចជាប្រទេសប៊ូតាន់, ជប៉ុន,
កូរ៉េ, កោះតៃវ៉ាន់
និងកោះហុងកុង ។
ការហូបបួសនៅខែ 9 នេះមានការសន្និដ្ឋានថា គួរតែកើតឡើងនៅឆ្នាំប្រហែល
2170 នៃព.ស ។
ទង់សម្រាប់ដោតនៅមុខអាហារដ្ឋានម្ហូបបួស មានអក្សរចិនពណ៌ក្រហម 齋 លើផ្ទៃកំណាត់ពណ៌លឿង ឬប្រើពាក្យថា ជីវ (9) ជំនួសក៏បាន |
មាតិកា
១.ប្រវត្តិ
២.ឈ្មោះផ្សេងទៀត
៣.រឿងនិទាន
៤.គោលបំណងនៃការហូបបួស
៥.អាហារបួស
៦.គោលការណ៍នៅក្នុងការហូបបួស
៧.ការប្រតិបត្តិខណៈពេលហូបបួស
៨.ពណ៌សម្លៀកបំពាក់
១.ប្រវត្តិ
ប្រពៃណីសុំសីលហូបបួស ឬប្រពៃណីហូបបួស ជាពិធីសក្ការបូជាធំបំផុត
ដោយអាស្រ័យព្រះម៉ែនៃដួងតារា ម៉ូលីជឺ (摩利支) តាមព្រះពុទ្ធសាសនានិកាយមហាយាន
តែតាមលទ្ធិតាវ ហៅថា តាវមូយានជីន ឬ តាវមូធានសិន
(斗姆元君, 斗姆天尊) តាមភាសាចិនហុកកៀន ជាការសន្មតនៃពិធីស័ក្តិសិទ្ធិនេះ
ផ្អែកទៅលើប្រវត្តិនិងរឿងព្រេង អាទិទេពនៃផ្កាយនព្វគ្រោះ (ផ្កាយគ្រោះទាំង 9)
ច្រើនជាងដែលជាគម្ពីរនៃលទ្ធិតាវ ។
ក្រោយមកពេលព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយដល់នគរចិន
ចាប់តាំងពីពេលនោះមកពេលព្រះពុទ្ធសាសនាកាន់តែសាយភាយ ទើបមានតំណាលដែលមានជំនឿចំពោះព្រះពុទ្ធ
9 អង្គនិងព្រះពោធិសត្វ 2 អង្គទៀតហៅថា
ជីវហ័ងហ្វស៊ូ តាមភាសាចិនកុកងឺ ឬ គីអងហ៊ុកចូវ តាមភាសាចិនតៀជីវ
(九皇佛祖) ដោយយោងតាមជំនឿរបស់ចិន
ជាពិសេសលទ្ធិតាវ ដែលផ្ដោតសំខាន់ទៅលើរឿងបុព្វបុរសនិងភាពកតញ្ញូកតវេទិតា ។ បណ្ដាព្រះបរមក្សត្រដែលធ្លាប់ធ្វើពលិកម្មដើម្បីឲ្យប្រជារាស្រ្តរស់នៅសម្បូរសប្បាយ
ដោយប្រើធម៌មេត្តាជាបុគ្គលដែលបានទទួលការលើកតម្កើងពីប្រជារាស្ត្រ ។
តាមព្រេងនិទាន អធិរាជ 9 អង្គ
(九皇大帝) ត្រូវបានជនជាតិចិនជឿ ថាគ្រប់យ៉ាងនៅក្នុងលោកនេះមានលក្ខណៈធម្មជាតិនិងប្រព្រឹត្តទៅតាមមាគ៌ានៃឋានសួគ៌
អាស្រ័យតាមជំនឿក្នុងលទ្ធិតាវ ទើបធ្វើឲ្យមានការគោរពដួងវិញ្ញាណដែលស្ថិតនៅឋានសួគ៌ ។
អធិរាជទាំង 9 អង្គកាលនៅឋានមនុស្សលោកគឺប្រកបដោយទសពិធរាជធម៌ ពេលបង់ព្រះជន្មទៅ
ទើបបានកើតជាអាទិទេព តំណាងឲ្យផ្កាយនព្វគ្រោះ មានតួនាទីការពារ ធ្វើជាម្លប់ដល់មនុស្សលោក
។
២.ឈ្មោះផ្សេងទៀត
-ជីវហ័ងតាទីសេងតានឈានឈីវ
(九皇大帝圣诞千)
-ជីហ័ងសេងហ៊ុយ (九皇勝會)
-ជីហ័ងជា (九皇節)
៣.រឿងនិទាន
1.មានរឿងតំណាលថាការហូបបួសធ្វើឡើងដើម្បីរំឭកដល់អ្នកចម្បាំង
«ងីហួថុង»
កងទ័ពចិនដែលប្រយុទ្ធនឹងកងទ័ពម៉ាន់ជូយ៉ាងក្លាហាន ចំណែកម៉ាន់ជូមានកាំភ្លើងរបស់ជនជាតិអឺរ៉ុបដែលចិនគ្មាន
។ អ្នកចម្បាំង ងីហួថុង បានធ្វើពិធីស្លៀកសពាក់ស មិនហូបសាច់សត្វ បន្លែដែលមានក្លិនឆ្អាប
និងសូត្រធម៌តាមជំនឿរបស់ចិន ដោយជឿថាអាចបញ្ចៀសគ្រោះថ្នាក់ពីគ្រាប់កាំភ្លើងបាន
តែបរាជ័យ ។ ពេលចាញ់កងទ័ពម៉ាន់ជូហើយ
ប្រជាជនចិនត្រូវបានបង្ខំឲ្យទុកសក់វែងដូចជនជាតិម៉ាន់ជូ ដែលធ្វើឲ្យជនជាតិចិនចងគំនុំ
ទើបជនជាតិចិនរំឭកដល់អ្នកចម្បាំង ងីហួថុង ដោយរលឹកដល់គុណស្រ័យ ។
2.ដើម្បីជាការធ្វើពិធីសក្ការបូជាព្រះពុទ្ធពីអតីតកាល៧ អង្គនិងព្រះពោធិសត្វ
2 អង្គទៀត រួមទាំង 9 អង្គ ឬន័យមួយទៀតគឺ ផ្កាយនព្វគ្រោះ (ផ្កាយអាទិត្យ, ផ្កាយចន្ទ,
ផ្កាយអង្គារ, ផ្កាយពុធ, ផ្កាយព្រហស្បត្តិ៍, ផ្កាយសុក្រ, ផ្កាយសៅរ៍, ផ្កាយរាហ៊ូនិងផ្កាយកេតុ)
នៅក្នុងពិធីសក្ការបូជានេះពុទ្ធសាសនិកបានចំណាយពេលវេលាខាងផ្លូវលោកបំពេញកុសលដោយការតមហូបសាច់សត្វនិងត្រូវស្លៀកសពាក់ស
។
3.អ្នកសុំសីលហូបបួសនៃព្រះពុទ្ធសាសនានិកាយមហាយាន
ដែលប្រកាន់ភ្ជាប់ពីមួយជំនាន់ទៅមួយជំនាន់របស់ជនជាតិចិននៅប្រទេសថៃ
ដើម្បីសក្ការបូជាព្រះពុទ្ធជាម្ចាស់កាលពីអតីត 7 អង្គ ដូចមានក្នុងព្រះគម្ពីរព្រះត្រៃបិដកនិងព្រះមហាពោធិសត្វ
2 ព្រះអង្គទៀតបានស្បថសច្ចាថានឹងប្រោសសត្វលោក ទើបប្រែកាយជាអាទិទេពទាំង 9 គឺ៖
i.ថានឡាំងថាយស៊ីងជីន (貪狼太星/Tan Lang Tai Xing
Jun)
ii.ជីមិញយានស៊ីងជីន (巨門元星君/Ju Men Yuan Xing
Jun)
iii.លូឈុនជិនស៊ីងជីន (祿存貞星君/Lu Cun Zhen Xing
Jun)
iv.វិនស៊ូនីវស៊ីងជីន (文曲紐星君/Wen Qu Niu Xing
Jun)
v.យីលានចិនកាំងស៊ីងជីន (玉廉貞綱星君/Yù Lián Zhen Gang Xing Jun)
vi.អ៊ូឈីជីស៊ីងជីន (武曲紀星君/Wu Qu Ji Xing
Jun)
vii.ភ័រជីនគាន់ស៊ីងជីន (破軍關星君/Po Jun Guan Xing
Jun)
viii.ស័រហ៊្វូតាតាវស៊ីងជីន (左輔大道星君/Zuo Fu Da Dao
Xing Jun)
ix.យ៉ូវពីតាតាវស៊ីងជីន (右弼大道星君/ You Bi Da Dao
Xing Jun)
ដោយអាទិទេពទាំង 9 អង្គ មានអំណាចគ្រប់គ្រងធាតុដី, ទឹក,
ខ្យល់, ភ្លើងនិងមាសនៅលើផែនដីនេះ ។
4.ហូបបួសដើម្បីគោរពដល់ «ស្ដេចប៉េង» ក្សត្រចុងក្រោយនៃរាជវង្សសុង ដែលសោយព្រះទិវង្គតដោយសារធ្វើអត្តឃាត
ពេលស្ដេចយាងទៅតៃវ៉ាន់តាមផ្លូវទឹក នៅព្រះជន្ម 9 ព្រះវស្សា ។ ពិធីបូជាដើម្បីរំឭកដល់រាជវង្សសុងនេះ
មានតែនៅនគរហុកកៀន
ដែលជាទឹកដីចុងក្រោយរបស់រាជវង្សសុងប៉ុណ្ណោះ
ដោយជនជាតិហុកកៀនបានប្រារព្ធធ្វើពិធីនេះដើម្បីអាស្រ័យសាសនាបាំងមុខនយោបាយ ។
5.កាលពី 1500 ឆ្នាំមុនគ.ស នគរកាំងសៃជាទឹកដីដ៏រុងរឿង
ស្តេចនគរនេះមានបុត្រា 9 អង្គ ដែលពូកែទាំងអក្សរសាស្រ្តនិងវិជ្ជាគុន
ទើបធ្វើឲ្យនគរនានាព្រមស្វាមីភក្រ្ត លើកលែងតែនគរកុងលាត
(ឈុនឈីវ) ដែលមានអំណាចរឹងមាំនិងមានកម្លាំងទ័ពខ្លាំងជាង ។ នគរទាំងពីរធ្វើសង្រ្គាមជាមួយគ្នាដល់លើកទី
4 នគរកុងលាតឈ្នះដោយសារមានកងទ័ពច្រើនជាង ឡោមព័ទ្ធកងទ័ពទាំងរបស់បុត្រាទាំង 9
គ្រប់ទិស តែមិនអាចវាយចូលក្រុងបានទើបដកថយ ។
លុះមកដល់ថ្ងៃមួយ
ជនជាតិកាំងសៃបែកបាក់សាមគ្គីនិងកេងប្រវ័ញ្ចគ្នា ព្រះឥន្ទ្រដឹងថាមិនយូរទៀតនោះទេ
កាំងសៃនឹងកើតកលយុគ ទើបរកអ្នកយកអាសារជួយប្រជារាស្រ្ត
ហើយចង់ឲ្យរួចផុតគ្រោះភ័យបានគឺទាល់តែធ្វើបុណ្យសន្សំកុសល ។ ដួងវិញ្ញាណព្រះឱរសច្បងបានយកអាសារនិងរមិលមើលឃើញថាគួរចាប់ផ្ដើមពីគេហដ្ឋានហបតីចិត្តបុណ្យ
លីហួកាយ ។
យប់មួយ អ្នកបម្រើបានរាយការណ៍ប្រាប់លោកគហបតី លីហួកាយ
ថាមានអ្នកសូមទានកើតឃ្លង់មកសុំជួប ទើបលោកគហបតីឲ្យប្រាក់មួយចំនួនជាសោហ៊ុយសោដា
តែអ្នកសូមទានបែរជាមិនចាកចេញ និងប្រកាសឲ្យអ្នកស្រុកអ្នកភូមិសុំសីល ហូបបួសរយៈពេល៩ថ្ងៃ៩យប់ អ្នកណាប្រតិបត្តិតាមគ្រោះភ័យនឹងសាបសូន្យ ។ លោកគហបតីប្រតិបត្តិមុនគេ
ទើបអ្នកស្រុកអ្នកភូមិធ្វើតាមរហូតដល់មានការរៀបចំឲ្យលេងហ៊ីជាការកម្សាន្ដនៅខណៈពេលហូបបួសដែរ
។
ឡាវអៀ មានសទ្ធាចំពោះប្រពៃណីហូបបួសរបស់នគរកៃសាំង
ទើបធ្វើការសិក្សាគម្ពីរហូបបួសរបស់គហបតី លីហួកាយ ដែលបានកត់ត្រាទុក
តែកែប្រែពិធីខ្លះឲ្យតឹងរ៉ឹងនិងឲ្យមាន ពិធីយាងព្រះមហាក្សត្រមកជាព្រះប្រធាន ។
6.មានបុរសប្រមឹកម្នាក់ឈ្មោះ ឡៅសេង យល់ច្រឡំថាម្ដាយរបស់ខ្លួនស្លាប់ព្រោះរោគខ្វះអាហារូបត្ថម្ភ
រហូតដល់យប់មួយម្ដាយបានមកពន្យល់សប្តថា ម្ដាយស្លាប់ទៅ មានសេចក្ដីសុខណាស់
ព្រោះម្ដាយហូបតែអាហារបួស ហើយពេលនេះម្ដាយនៅភ្នំភូធួ,
លើកោះហៃណាន, ខេត្តស៊ឺជាំងបើកូនចង់ជួបម្ដាយ
ចូរទៅរកនៅទីនោះ ។
លុះដល់ថ្ងៃសំពះព្រះពោធិសត្វគង់សាអ៊ីមនៅភ្នំភូធួ ឡៅសេង
ក៏សុំទៅជាមួយអ្នកជិតខាង ព្រោះមិនស្គាល់ផ្លូវ ។ ពេល ឡៅសេង សន្យាថានឹងមិនផឹកស្រានិងមិនហូបសាច់សត្វ
អ្នកជិតខាងក៏ឲ្យទៅជាមួយ ។ នៅតាមផ្លូវ ពេលដើរកាត់អ្នកលក់សាច់ ឡៅសេង ភ្លេចពាក្យសន្យា
ទើបរត់គេច សំណាងល្អមានស្រីបីនាក់ធ្វើដំណើរឆ្លងកាត់ដើម្បីទៅសំពះព្រះម៉ែគង់សាអ៊ីម
ទើប ឡៅសេង សុំរួមដំណើរ ។
ទៅដល់ភ្នំភូធួ ពេលថ្វាយបង្គំព្រះម៉ែគង់សាអ៊ីម ឡៅសេង
បានឃើញម្ដាយរបស់ខ្លួនបណ្ដែតខ្លួនលើផើងដោតធូប តែអ្នកដទៃមើលមិនឃើញ ។ ឡៅសេង
ត្រលប់ទៅផ្ទះវិញតែម្នាក់ឯង ហើយបានជួបក្មេងប្រុសម្នាក់ឈរយំ ពេលសួរនាំ ក៏បានដឹងជាកូនរបស់ខ្លួននិងភរិយាដែលបានលែងលះគ្នាយូរឆ្នាំហើយ
ទើបយកទៅចិញ្ចឹមបីបាច់ ។ ថ្ងៃមួយ ស្រ្តីដែលជូនគេទៅភ្នំភូធូមកសុំអាស្រ័យជាមួយ
ពួកគេទាំងបីក៏រស់នៅជាមួយគ្នាមានសុភមង្គល ។
ស្រ្តីម្នាក់នោះជាក្រមុំព្រហ្មចារី ប្រព្រឹត្តខ្លួនបានល្អ នៅក្នុងក្រមសីលធម៌និងសុំសីលហូបបួសជាប្រចាំ
។ នាងដឹងថាខ្លួនជិតស្លាប់ ទើបប្រាប់ ឡៅសេង ឲ្យដឹង ។ ពេលថ្ងៃនោះមកដល់ នាងងូតទឹក
តែងខ្លួនដោយស្លៀកសពាក់ស បន្ទាប់ពីអង្គុយបានមួយសន្ទុះ នាងក៏ផុតដង្ហើម ។
ឃើញការលាចាករបស់នាងស្រដៀងនឹងម្ដាយរបស់ខ្លួនទើប ឡៅសេង មានសទ្ធាជ្រះថ្លាផ្ទេរទ្រព្យសម្បត្តិឲ្យកូនប្រុស
ហើយប្រព្រឹត្តខ្លួនជាថ្មី ដើម្បីទទួលបានមគ្គផលដូចម្ដាយនិងនាង ពេលនោះប្រពៃណីហូបបួសក៏កើតឡើង
។
៤.គោលបំណងនៃការហូបបួស
អ្នកហូបបួសអាចមានភាពខុសគ្នា តែគោលបំណងអាចមាន 3
ដែលមានដូចខាងក្រោមនេះ ៖
1.ទទួលទានដើម្បីសុខភាព អាហារបួសជាអាហារប្រភេទសរីរាង្គ
ពេលហូបច្រើនពេលជាប់ៗគ្នាមួយរយៈនឹងធ្វើឲ្យរាងកាយសម្របខ្លួនឲ្យស្ថិតនៅសភាពសមតុល្យ
អាចបណ្ដេញជាតិពុលចេញពីរាងកាយបាន សម្រួលប្រព័ន្ធឈាមនិងបំពង់រំលាយអាហារឲ្យមានលំនឹង ។
2.ប្រចាំថ្ងៃជាសាច់ជាឈាមរបស់សត្វទាំងឡាយ
ជនដែលមានចិត្តករុណា មានគុណធម៌និងមានមនសិការ តែងតែងមិនអាចទទួលទានសាច់សត្វទាំងនោះដែលមានសាច់,
ឈាម, ចិត្តនិងដែលសំខាន់មានក្ដីស្រលាញ់ចំពោះខ្លួនឯង ខ្លាចស្លាប់ដូចមនុស្សយើងដែរ ។
3.ទទួលទានដើម្បីលាងជម្រះបាបកម្ម ជនដែលយល់ច្បាស់តែងតែពិចារណាឃើញថាការហូបចុកដែលអាស្រ័យការសម្លាប់ដើម្បីយកសាច់ឈាមរបស់អ្នកដទៃមកធ្វើជារបស់យើងគឺជាសាងបាបកម្ម
ទោះមិនបានសម្លាប់ដោយផ្ទាល់ក៏ដោយ ការជាវពីអ្នកដទៃគឺដូចជាការជួលឲ្យសម្លាប់
ព្រោះបើគ្មានអ្នកទទួលទាន ក៏គ្មានអ្នកសម្លាប់យកមកលក់ដូរ ។ កម្មដែលបានសាងនឹងតាមស្នងយើងភ្លាមៗ
ធ្វើឲ្យសុខភាពរាងកាយ អាយុសង្ខារបស់យើងខើចខ្លីជាប្រភពនៃរោគាធ្យាធិ
ពេលមានយល់ដឹងពីរឿងកម្មពៀរ ទើបបញ្ឈប់ការសម្លាប់ហើយងាកមកហូបបួស
ដែលវាក៏ធ្វើឲ្យរាងកាយលូតលាស់បាន ដោយមិននឹកដល់រសឆ្ងាញ់ពិសាមួយខណៈពេល ។
៥.អាហារបួស
អាហារបួសជាអាហារគ្មានសាច់ ឬផលិតផលដែលបានមកពីសាច់សត្វ ដូចជា
ទឹកដោះគោ, ស៊ុត, ទឹកឃ្មុំ, ទឹកត្រី, ជេឡាទីន, ខូឡាជេន ជាដើម និងគ្មានបន្លែក្លិនឆួលទាំង៥ប្រភេទ គឺ ខ្ទឹមស, ខ្ទឹម
(គ្រប់ប្រភេទដូចជា ដើមខ្ទឹម, មើមខ្ទឹម, ខ្ទឹមក្រហម) ខ្ទឹមចិន គូឆាយនិងស្លឹកថ្នាំជក់
ព្រោះបន្លែទាំងនេះធ្វើឲ្យគ្រោះថ្នាក់ដល់អវយវៈក្នុងរាងកាយ
ដូចជាខ្ទឹមសធ្វើឲ្យគ្រោះថ្នាក់ដល់បេះដូង, ខ្ទឹមធ្វើឲ្យគ្រោះថ្នាក់ដល់តម្រងនោម, ខ្ទឹមចិនធ្វើឲ្យគ្រោះថ្នាក់ដល់អណ្ដើក, គូឆាយធ្វើឲ្យគ្រោះថ្នាក់ដល់ថ្លើមនិងស្លឹកថ្នាំជក់ធ្វើឲ្យគ្រោះថ្នាក់ដល់សួត
។ អ្នកខ្លះជឿថាបន្លែទាំងនេះបន្ថែមកាល់ញី ឬមកពីឈាមសត្វតាមរឿងនិទានចិន ធ្វើឲ្យអាហារបួសគ្មានក្លិនឆ្អាប
ដោយសារការតមសាច់សត្វា ដែលធ្វើឲ្យអ្នកទទួលទានចាប់អារម្មណ៍ធុញ្ញជាតិវិញ
ដើម្បីទទួលបានសារជាតិប្រូតេអ៊ីន ដូចជា សណ្ដែកសៀងជាដើម ដោយនៅប្រទេសចិន
ប្រទះឃើញថាមានភោជនីដ្ឋានដែលបម្រើសេវា «ចម្អិនអាហារតាមវេជ្ជបញ្ជា» (អ្នកទទួលទានត្រូវយកវេជ្ជបញ្ជាមកជាមួយ)
ដោយអ្នកទទួលទាននោះជាអ្នកជំងឺកំពុងតែទទួលយក «ការព្យាបាលដោយអាហារតាមវេជ្ជសាស្រ្តបូរាណ» បន្ទាប់ពីមានការវិនិច្ឆ័យពីវេជ្ជបណ្ឌិត។
៦.គោលការណ៍នៅក្នុងការហូបបួស
តាមទស្សនៈរបស់អ្នកហូបបួស ការទទួលទានដែលធ្វើឲ្យអ្នកដទៃរងគ្រោះដល់ស្លាប់នោះ
វាឃោរឃៅពេក ទាំងដែលមនុស្សហូបតែបន្លែក៏អាចរស់ជាតិមានជីវិតបាន ។ ការហួបបួសដែលក្រឹត្យក្រមគឺស្ថិតលើគោលការណ៍សំខាន់
2 ប្រការ៖
1.ចិញ្ចឹមជីវិតដោយអាហារដែលមិនបៀតបៀនខ្លួនឯងនិងជីវិតអ្នកដទៃគឺ
-មិនយកជីវិតសត្វទាំងពួងមកចិញ្ចឹមជីវិតរបស់ខ្លួន
។
-មិនយកឈាមសត្វទាំងពួងធ្វើជាឈាមរបស់ខ្លួន
3, មិកយកសាច់សត្វទាំងពួងមកធ្វើជាសាច់របស់ខ្លួន ។
2.ការទទួលទានអ្វីក៏ដោយដែលបំផ្លាញសុខភាពរាងកាយរបស់ខ្លួនឲ្យទ្រុឌទ្រោម
គឺការបៀតបៀនខ្លួនឯង ។
បច្ចុប្បន្នវិទ្យាសាស្រ្តមានការរីកចម្រើនបានពិសោធថា
ឈាមនិងសាច់សត្វដែលត្រូវសម្លាប់ពោរពេញដោយសារជាតិពុល
ដូច្នេះហើយទើបការហូបបួសមិនមែនហូបដើម្បីឲ្យមានផលល្អចំពោះផ្លូវចិត្តប៉ុណ្ណោះទេ
វារួមទៅដល់ការមានសុខភាពអនាម័យល្អទៀតផង ។ រាងកាយនិងចិត្តជាគូនឹងគ្នា
មានទំនាក់ទំនងធ្វើឲ្យមនុស្សយើងមិនស្រស់ស្រាយ រីករាយ ខណៈដែលរាងកាយមានជំងឺតម្កាត់ ។
៧.ការប្រតិបត្តិខណៈពេលហូបបួស
នៅកំឡុងពេលហូបបួស 9 ថ្ងៃ 9 យប់ បុគ្គលដែលត្រូវហូបបួសឲ្យបានត្រឹមត្រូវតាមប្រពៃណីហូបបួស
ត្រូវអនុវត្តមានដូចតទៅនេះ៖
-ទទួលទាន «អាហារបួស»
-តបអាហារដែលមានរសជាតិហឹរ,
ផ្អែមខ្លាំង, ជូរខ្លាំងនិងប្រៃខ្លាំង ។
-រក្សាសីល 5
-រម្ងាប់ចិត្ត
-ធ្វើបុណ្យដាក់ទាន
-ស្លៀកសពាក់ស
សម្រាប់បុគ្គលដែលប្រកាន់ភ្ជាប់ចំពោះប្រពៃណីហូបបួស នឹងមានការអនុវត្តបន្ថែម
ដោយការហូបបួសតែជាមួយនឹងអ្នកចម្អិនប៉ុណ្ណោះនិងលាងចានឆ្នាំងឲ្យស្អាតបាតនិងទុកដាក់ដោយឡែក
។ ក្រៅពីនេះត្រូវដុតចង្កៀង 9 ចង្កៀងកំឡុងពេលហូបបួស 9 ថ្ងៃ ដោយកុំឲ្យរលត់ដើម្បីជាពុទ្ធបូជានិងរំឭកដល់គុណឪពុកម្ដាយបងប្អូនញាតិការ
រួមទាំងបុគ្គលដែលពលីជីវិតដើម្បីមាតុភូមិផងដែរ ។
៨.ពណ៌សម្លៀកបំពាក់
-ពណ៌ក្រហមៈ
ជាពណ៌ដែលជនជាតិចិនប្រកាន់ថាជាពណ៌នៃសិរីមង្គល ដូចដែលបានឃើញតាមកម្មវិធីនានារបស់ចិន
ដូចជាពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាដើម ។
-ពណ៌លឿងៈ ជាពណ៌សម្រាប់រាជវង្ស ដែលអនុញ្ញាតឲ្យប្រើសម្រាប់តែមនុស្សព
2 ក្រុមប៉ុណ្ណោះ ទី1 គឺព្រះមហាក្សត្រដែលយើងអាចឃើញតាមរយៈភាពយន្តចិនបុរាណ
សម្លៀកបំពាក់និងរបស់របរប្រើប្រាស់មានពណ៌លឿង ឬពណ៌មាស ដែលជនសាមញ្ញហាមប្រើដាច់់ខាត ។
ក្រុមទី2 គឺគ្រូខ្មោច ឬគ្រូបង្រ្កាបខ្មោច
បើយើងសង្កេតតាមរយៈភាពយន្តចិនបុរាណនឹងឃើញគ្រូខ្មោចស្លៀកលឿងពាក់លឿងនិងមានយ័ន្តពណ៌លឿង
។
-ពណ៌សៈ តាមទំនៀមទម្លាប់ប្រពៃណីចិន
ពណ៌សសម្រាប់កាន់ទុក្ខ (ពណ៌ខ្មៅដែលយើងឃើញនេះ
ព្រោះបានទទួលឥទ្ធិពលពីវប្បធម៌លោកខាងលិច) ដោយនៅក្នុងពិធីបុណ្យសពរបស់ចិន
កូនចៅនឹងស្លៀកសពាក់ស ។
ប្រពៃណីហូបបួសមាននៅគ្រប់ទីកន្លែងដែលជនជាតិចិនអាស្រ័យនៅ ប៉ុន្តែនៅប្រទេសចិនបច្ចុប្បន្នគ្មានប្រពៃណីនេះទៀតទេ
ព្រោះបន្ទាប់ពីមានការប្ដូររបបនយោបាយជារបបកុម្មុយនីសហើយ
សាសនាប្រពៃណីក៏ត្រូវផ្លាស់ប្ដូរតាមដែរ ដូច្នេះហើយទើបគ្មានអ្នកណាហូបបួស ។
អ្នកណាដែលសុំសីលហូបបួសនៅប្រទេសចិននាសម័យនេះច្បាស់ជាមានការលំបាក
ម្យ៉ាងទៀតប្រពៃណីហូបបួសកាលស្រុកទេសមិនទាន់ដូររបប អ្នកប្រកាន់ភ្ជាប់ប្រពៃណីនេះ
មានតែនៅភូមិភាគកណ្ដាលនិងភាគខាងត្បូងប្រទេសចិនប៉ុណ្ណោះ ។
ប្រភពឯកសារនិងរូបភាពៈវេបសាយបរទេស
No comments