Header Ads

Header ADS

ហាណាមិ



ហាណាមិ (ជប៉ុនៈはなみ, កាន់ជិៈ花見, រ៉ូម៉ាជិៈHanami, ភាសាអង់គ្លេសៈFlower Vi​e​w​i​n​g​) ជាប្រពៃណីតាំងពីបរមបុរាណរបស់ប្រទេសជប៉ុន ដែលនិយាយពីការគយគន់ដោយភ្លើតភ្លើននឹងសម្រស់ផ្កា ជា​ពិ​សេ​​​​សផ្កាសាគូរ៉ា 

ប្រពៃណីហាណាមិ កើតឡើងតាំងពីជាង 1000 ឆ្នាំមុននៃគ.ស ដោយនៅតែទទួលបានការនិយមក្នុង​ប្រ​​ទេសជប៉ុនរហូតមកដល់សព្វថ្ងៃនេះ ។​ ហាណាមិ ត្រូវបានរៀបចំឡើងនៅចន្លោះរដូវស្លឹកឈើលាស់ ខុសពីប្រពៃណីម៉ូមិជិការិ ដែលរៀបចំឡើងនៅរដូវស្លឹកឈើជ្រុះ


មាតិកា
១.ប្រវត្ដិ ប្រពៃណីគយគន់ផ្កាហាណាមិ
២.ទស្សនៈនិងតន្រ្តីពាក់ព័ន្ធនឹងផ្កាសាគូរ៉ា
៣.ពេលវេលាដែលស័ក្ដិសមសម្រាប់ការគយគន់ផ្កាសាគូរ៉ា
៤.ទីកន្លែងដែលត្រូវបានណែនាំសម្រាប់គយគន់ផ្កាសាគូរ៉ា


 


១.ប្រវត្ដិ ប្រពៃណីគយគន់ផ្កាហាណាមិ
ប្រពៃណីគយគន់ផ្កាសាគូរ៉ារបស់ជប៉ុន មានឈ្មោះបោះសំឡេងណាស់ ព្រោះក្រៅពីយើងបានឃើញផ្កាសាគូរ៉ារីកស្អាតហើយ​ នៅឃើញជនជាតិជប៉ុនយកម្ហូបអាហារ រួមទាំងស្រាតំណែលដូនតាគឺស្រាសាកេនិងភេសជ្ជៈជាច្រើនទៀតមកអបអរដោយការក្រាលកន្ទេលអង្គុយនៅក្រោមដើមសាគូរ៉ាដែលមានផ្ការីកស្គុសស្គាយពេញដើម ។ នៅក្នុងកម្មវិធីនេះ ជនជាតិ​ជប៉ុនភាគច្រើននាំគ្នាច្រៀងរាំលេងយ៉ាងសប្បាយរីករាយទៀតផង ។
កាលសម័យបុរាណ មានការតំណាលថានៅសម័យ  ណារ៉ាមានតែ ប្រពៃណីគយគន់ផ្កាប៉េះ ប៉ុ​ណ្ណោះ ប៉ុន្តែពេលមកដល់សម័យ ហេអាន់ក៏មានការផ្លាស់ប្ដូរជា ប្រពៃណីគយគន់ផ្កាសាគូរ៉ាដោយគ្មានមូល​ហេតុ ។
បុគ្គលដែលបានសិក្សាពីដើមកំណើតនិងប្រភព​ ប្រពៃណីគយគន់ផ្កាសាគូរ៉ា បាននិយាយថា ដើមឡើយ ប្រពៃណីគយគន់ផ្កាប្រពៃណីគយគន់ផ្កាសាគូរ៉ា ត្រូវបានធ្វើឡើងដោយកសិករដែលជា​សរសៃ​ឈាមនៃប្រទេសជាតិ ។ ជារៀងរាល់ឆ្នាំពេលធ្វើស្រែចម្ការ ពួកគេត្រូវរៀបចំពិធីបួងសួងសុំខមាទោសពីអ្នកតា​ម្ចាស់​ទឹកម្ចាស់ដី ដោយពិធីបួងសួងនេះមានឈ្មោះថា សាគូរ៉ាណុសាវ៉ា (អ្នកតាម្ចាស់ស្រែ) ព្រោះពួកគេមានជំនឿតាំងពីដូនតាមកម្ល៉េះថា ទីណាមានដើមសាគូរ៉ា ទីនោះមានសំណាក់អ្នកតា (ខ្ទមអ្នកតា?)
ដូច្នេះហើយទើបមានការគោរពបូជាម្ចាស់ទឹកម្ចាស់ដី ដោយការក្រាលកន្ទេល និងដាក់គ្រឿងសែនព្រេននៅក្រោមដើម សាគូរ៉ាកើតឡើង ហើយនៅខណៈដែលរង់ចាំឲ្យអ្នកតាសេពសោយសំណែននោះ ពួកគេបានមូល​មតិគ្នា ប្រើប្រាស់ពេលវេលានោះឲ្យមានប្រយោជន៏ ដោយការជួបជុំគ្នា និយាយលេងពីនេះពីនោះនិងគយគន់ផ្កាសាគូរ៉ាផងដែរ ។
នេះហើយជាចំណុចចាប់ផ្ដើម ឬជាមូលហេតុធ្វើឲ្យមាន ប្រពៃណីគយគន់ផ្កាសាគូរ៉ាកើតឡើងនិងត្រូវបានប្រកាន់ខ្ជាប់តៗគ្នា ពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់សព្វថ្ងៃនេះ ។
ប្រពៃណីគយគន់ផ្កាសាគូរ៉ាដែលកើតឡើងនៅសម័យ ហេអាន់”​ តាមការតំណាលនាពេលនោះបានឲ្យដឹងថា ត្រូវបានប្រារព្ធតែនៅក្នុងសង្គមអភិជននិងមន្រ្ដីជាន់ខ្ពស់ប៉ុណ្ណោះ ។ ជារៀងរាល់ឆ្នាំ ខណៈដែលផ្កាសាគូរ៉ារីកត្រសោលពេញដើម គឺនៅខែមេសា ពួកអភិជននិងក្រុមមន្រ្តីជាន់ខ្ពស់ភាគច្រើននាំគ្នាសប្បាយរីករាយនឹងការគយគន់ផ្កាសាគូរ៉ា ហើយកំណត់ឲ្យមានការប្រកួតប្រជែងការតែងកំណាព្យ ដែលមានឈ្មោះថា ហៃគឹ
ប៉ុន្ដែប្រពៃណីគយគន់ផ្កាសាគូរ៉ាត្រូវបានកែប្រែដោយពួកសាមូរ៉ៃ, អ្នកចម្បាំងនិងពួកស្នំក្រមការក្នុងរាជវាំង ដោយចាត់ទុកប្រពៃណីនេះនៅសម័យកាលនោះថាជាការជួបជុំគ្នា ទទួលទានអាហារ ច្រៀងរាំយ៉ាងសប្បាយរីករាយ ។
ក្រោយមកប្រពៃណីគយគន់ផ្កាសាគូរ៉ាក៏បានសាយភាយទៅក្រៅរាជធានី រហូតដល់សង្គមជាន់ទាប ដោយមានការជួបជុំគ្នាយ៉ាងសប្បាយរីករាយ មានការទទួលទានអាហារ ច្រៀងរាំលេងកម្សាន្ដ រួមទៅដល់ការផឹកស្រាសាកេទៀតផង ដែលទង្វើនេះវាស្រដៀងនឹងទង្វើរបស់ជនជាតិជប៉ុននាពេលបច្ចុប្បន្ន ។

២.ទស្សនៈនិងតន្រ្តីពាក់ព័ន្ធនឹងផ្កាសាគូរ៉ា
ផ្កាសាគូរ៉ា ក្រៅពីជាផ្កាតំណាងជាតិហើយ ក៏ជារាជិនីផ្ការបស់ជប៉ុនផងដែរ ទើបសាគូរ៉ាត្រូវចាត់ទុកថាជាផ្កាមង្គល​ ជាផ្កានៃការចាប់ផ្ដើម ព្រោះសាគូរ៉ារីកនៅរដូវផ្ការីកដែលប្រៀបដូចរដូវនៃការចាប់ផ្ដើមនូវរឿងរ៉ាវជាច្រើន ដែលចាត់ទុកថាជាពេលវេលានៃភាពត្រជាក់ត្រជុំត្រសុំត្រសាយ ។
ផ្កាសាគូរ៉ានឹងរីកឲ្យគយគន់ប្រហែល 7 ថ្ងៃ និងពេលរោយនោះក៏មានសម្រស់គួរឲ្យគយគន់ដែរ ធ្វើឲ្យមានសំនួននៅក្នុងភាសាជប៉ុនថា សាគូរ៉ា 7 ថ្ងៃដែលមានន័យថា សម្រស់មិនអាចស្ថិតស្ថេរចេរកាលទុកសម្រាប់ដាស់តឿនបញ្ញាស្មារតី ។ ក្រៅពីនោះនៅមានន័យបង្កប់ជាសច្ចធម៌ក្នុងការលើក​ទឹកចិត្តទៀតផង ដែលមានន័យថា គ្រប់យ៉ាងសុទ្ធតែមានការផ្ដើមថ្មីជានិច្ច ទោះផ្កាសាគូរ៉ារោយនៅឆ្នាំនេះ ប៉ុន្តែឆ្នាំក្រោយដល់រដូវកាល ផ្កាសាគូរ៉ារីកត្រសោលម្ដងទៀត
ផ្កាសាគូរ៉ារុះរោយ ត្រូវបានជនជាតិជប៉ុនយកទៅប្រើប្រាស់ការសម្ដែងល្ខោនខាប៊ឹគិ ។ បើមានឆាកណាមានផ្កាសាគូរ៉ា ឆាកនោះចង់បញ្ជាក់ពី ភាពវិនាសនិងសេចក្ដីស្លាប់ដែលផ្សារភ្ជាប់នឹងរឿង​រ៉ាវ​នៃការបាត់បង់ជីវិតរបស់ទាហានជប៉ុននៅសង្រ្គាមលោកលើកទី 2 ដែលទាហានទាំងនោះបានពលីជីវិតនៅសមរភូមិហាក់ដូចផ្កាសាគូរ៉ា ។
ដូច្នេះហើយទើបផ្កាសាគូរ៉ាក៏ត្រូវបានប្រកាន់យកជានិមិត្តរូបនៃអ្នកចម្បាំងនិងសាមូរ៉ៃរបស់ជនជាតិជប៉ុនផងដែរ ។

តន្រ្តីដែលពាក់ព័ន្ធនឹងផ្កាសាគូរ៉ា ដែលជាទីពេញនិយមរបស់ជនជាតិជប៉ុន៖

ភាសាជប៉ុននិងសូរអានជាភាសាខ្មែរ
ប្រែសម្រួលជាភាសាខ្មែរ
さくら さくら 野山も里も
សា-គឹ-រ៉ា  សា-គឹ-រ៉ា  ណុ-យ៉ា-ម៉ា ម៉ុ សា​-តូ ម៉ុ
見わたす限り
មិ វ៉ា-តា-ស៊ឹ កា-ហ្គិ-រិ

かすみか雲か 朝日ににおう
កា-ស៊ឹ-មិ កា គឹ-ម៉ុ កា អា-សា-ហ៊ិ និ និ-អូ
さくら さくら 花ざかり
សា-គឹ-រ៉ា សា-គឹ-រ៉ា ហា-ណា ហ្សា-កា-រិ
សាគូរ៉ា សាគូរ៉ា នៅព្រៃភ្នំ នៅក្នុងស្រុកភូមិ
ឆ្ងាយដាច់កន្ទុយភ្នែក ។


ស្រដៀងពពក អ័ព្ទ ក្រអូបក្រអួនទទួលអរុណរះ
សាគូរ៉ា សាគូរ៉ា រីកត្រសោល ។

៣.ពេលវេលាដែលស័ក្ដិសមសម្រាប់ការគយគន់ផ្កាសាគូរ៉ា
ផ្កាសាគូរ៉ារីកត្រឹម 1 ឬ 2 សប្ដាហ៍តែប៉ុណ្ណោះ ដោយរីកពីខែមីនាដល់ខែមេសា ។ នៅវេលានោះជនជាតិជប៉ុននាំគ្នាសោ​ម​នស្ស ផ្កាសាគូរ៉ារីកត្រសោលពេញដើម បន្ទាប់ពីកញ្ចុំដំបូងរីកប្រហែលជា 1 ​សប្ដាហ៍ ។ ហើយប៉ុន្មានសប្ដាហ៍ក្រោយមក​ពេលផ្ការីកពេញដើម វានឹងជ្រុះចាកទង ។
ក្រៅពីនេះនៅមានប្រពៃណីគយគន់ផ្កាមួយទៀតដែលមានអាយុកាលចាស់ជាងការគយគន់សាគូរ៉ា នោះគឺផ្កាម៉ី (​ផ្កាបួយ) រីក ដែលនៅតែត្រូវបានប្រារព្ធនៅក្នុងប្រទេសជប៉ុន ជាពិសេសនៅក្នុងសង្គមមនុស្សចាស់ដែលត្រូវការភាពស្ងប់ស្ងាត់ជាងការគយគន់ផ្កាសាគូរ៉ារីក ដែលជាការពេញនិយមរបស់យុវវ័យ, អ្នកមានទ្រព្យសម្បត្ដិនិងអ្នកមានកេរ្តិ៍ឈ្មោះ ។

៤.ទីកន្លែងដែលត្រូវបានណែនាំសម្រាប់គយគន់ផ្កាសាគូរ៉ា
Øនៅតំបន់ក្នុងប្រទេសជប៉ុន
ទីកន្លែងដែលជាប្រភពគយគន់ផ្កាសាគូរ៉ា មានឈ្មោះបោះសំឡេងនិងមានការនិយមនៅប្រទេសជប៉ុន មានដូចខាងក្រោមនេះ៖
·   តូក្យូ
1.សួនអ៊ិណុកុស៊ិរ៉ា ស្ថិតនៅខណ្ឌមុសាស៊ិណុ និងខណ្ឌមិតាកា ភាគខាងលិចរាជធានីតូក្យូ ។
2.សួនអ៊ឹអិណុ ស្ថិតនៅខណ្ឌថៃតុ មានដើមសាគូរ៉ាជាង ​1,500 ដើម ធ្វើឲ្យក្លាយជាកន្លែងគយគន់ផ្កាសាគូរ៉ាដែលមានមនុស្សណែនណាន់តាន់តាប់ ។
3.ឧទ្យានជាតិនៃស៊ីនជឹគឹ ស្ថិតនៅខណ្ឌ​ស៊ីនជឹគឹ​និងស៊ីនបឹរ៉ា
4.សុសានអាអុយ៉ាម៉ា ខណ្ឌមិណាតុ
·   ក្យូតូ
1.តិស៊ឹហ្កាគឹណុមិឈិ ស្ថិតនៅចន្លោះវត្ដគីនកាគឹនិងវត្ដណាន់ស៊ែន ជាផ្លូវដើរតាមដងអូរ មានដើមសាគូរ៉ាអមតាមដងផ្លូវ ។
2.អូរអូកាសាគិ ភ្ញៀវទេសចរអាចជិះទូកគយគន់ផ្កាសាគូរ៉ាបាន ។
·   អូសាកា
សួនសាធារណៈប្រាសាទអូសាកា ផ្នែកខាងក្នុងជាទីតាំងរបស់ប្រាសាទ ក្នុងសួនមានដើមសាគូរ៉ាជាង 600 ដើម និងមានដើមផ្លាំ ផងដែរ ។

Osaka Castle
·   ណាហ្គោយ៉ា
សួនសាធារណៈប្រាសាទណាហ្គោកូយ៉ា ជាតំបន់គយគន់ផ្កាសាគូរ៉ា ទទួលបានការនិយមជាងគេនៅក្នុងប្រាសាទណាហ្គោយ៉ា សួនមានផ្ទៃក្រឡាធំ មានដើមសាគូរ៉ាដល់ទៅ 1,600 ដើម​ ។

ក្រៅពីនេះនៅមានទីកន្លែងគយគន់ផ្កាសាគូរ៉ាពាសពេញផ្ទៃប្រទេស ដូចជាក្រុងយ៉ូកូហាម៉ា, ប្រាសាទហ៊ិមេជិ ក្រុងហ៊ិមេជិ , ប្រាសាទហ៊ិរ៉ូសាគិ ក្រុងហ៊ិរ៉ូសាគិ ជាដើម ។

Øនៅតំបន់ក្រៅប្រទសជប៉ុន
មានដូចជា ចិន, តៃវ៉ាន់, កូរ៉េ​, ហ្វ៊ីលីពីន, សហរដ្ឋអាមេរិក, អ៊ីតាលី...។


ប្រភពឯកសារនិងរូបភាពៈវេបសាយបរទេស







No comments

Theme images by merrymoonmary. Powered by Blogger.