Header Ads

Header ADS

សត្វទីទុយតាមជំនឿរបស់ជនជាតិជប៉ុន


សកុណជាតិបក្សីសត្វស្លាប  ក្នុងភាសាជប៉ុនគឺ តូរិ ថូរិ  (ជប៉ុនហ៊ីរ៉ាកាណាៈとり, កាន់ជិៈ, រ៉ូ​ម៉ាជិៈTori, អង់គ្លេសៈBird) ប៉ុន្តែបើជាសត្វទីទុយ ដែលចូលចិត្តដេកពួនពេលថៃ្ង ភ្ញាក់ពេលយប់ដើម្បីចេញរកចំណី ជនជាតិជប៉ុនហៅថា ហ៊‌្វឹគឹរ៉ូ (ជប៉ុនកាតាកាណាៈフクロウ , កាន់ជិៈ , រ៉ូម៉ាជិៈ Fukurou, អង់​គ្លេ​សៈOwl) ដោយសត្វទីទុយបានក្លាយជាជំនឿរបស់ជនជាតិជប៉ុនតាំងពីយូរលង់ណាស់មកហើយ ។



មានជំនឿថា ហ៊‌្វឹគឹរ៉ូ «フクロウ» មកពីពាក្យថា ហ៊‌្វឹគឹ «フク» ដែលប្រែថា «សំណាង» ចំណែកពាក្យថា រ៉ូ «ロウ» ជនជាតិជប៉ុនតែងតែទុកដាក់ឈ្មោះខាងចុងឲ្យក្មេងប្រុស ។ ខ្លះជឿថាមកពីពាក្យថា ហ៊‌្វឹ «» ដែលប្រែថា «មិន» និងពាក្យថា គឹរ៉ូ «クロウ» ដែលប្រែថា «លំបាកលំបិនទុក្ខវេទនា» ធ្វើឲ្យពាក្យថា ហ៊‌្វឹគឹរ៉ូ «フクロウ»  ប្រែថា «មិនលំបាកលំបិនមិនទុក្ខវេទនា» ទើបមិនមែនជារឿងប្លែកទេ ដែលសត្វទីទុយរបស់ជប៉ុនក្លាយជានិមិត្តរូបមួយនៃ សំណាងល្អ  (Engimono ឬ Luck Charm) របស់ជនជាតិជប៉ុន ។
អ្នកខ្លះជឿថាពណ៌, ទំហំនិងរូបរាងរបស់ទីទុយ នាំសំណាងល្អឲ្យលោកអ្នកខុសៗគ្នា ។




ក្រៅពីនាំសំណាងល្អមកឲ្យហើយ ជំនឿពាក់ព័ន្ធនឹងទីទុយនៅប្រទេសជប៉ុនក៏ខុសគ្នាទៅតាមតំបន់ដែរ ។ តំបន់ខ្លះជឿថា ទីទុយជាសត្វស្រាយ​បំភ្លឺ អាចទស្សន៍ទាយអាកាសធាតុបាន ។ តំបន់ខ្លះទៀតមានប្រាស្រ័យទាក់ទងល្អបក្សីនេះ ដូចជាជនជាតិភាគតិចអៃនុ (Ainu) នៅកោះហុកកៃដូ (Hokkaido) ដែលមានវិថីជីវិតផ្សារភ្ជាប់ទៅនឹងសត្វពីរប្រភេទគឺខ្លាឃ្មុំនិងទីទុយ ។ ពួកគេហៅទីទុយថា «Kotan Kor Kamuy» ប្រែថា «អ្នកតាម្ចាស់ស្រុក» និងមានរឿងនិទានពាក់ព័ន្ធនឹងសត្វទីទុយជាច្រើន ។ ចំណែកទីក្រុងស៊ឹគឹបា (Tsukuba) ខេត្តអ៊ិបារ៉ាគិ (Ibaraki prefecture) សត្វទីទុយជានិមិត្តរូបនៃទីក្រុង ដោយទូទាំងទីក្រុងមានរូបគំនូរ, រូបថត ឬ រូបសំណាកជាសត្វ​ទីទុយ ជាដើម ។
នៅរាជធានីតូក្យូ (Tokyo) ក៏មានលម្អសត្វទីទុយនៅមុខស្ថាននីយរថភ្លើងអ៊ិកិហ៊‌្វឹគឹរ៉ូ (Ikefukurou) ផងដែរ ។ ក្រៅពីស្ថានីយធ្វើដំណើររបស់ជប៉ុនហើយ លោកអ្នកនឹងឃើញរឿងរ៉ាវ, ហាងទំនិញពាក់ព័ន្ធនឹងទីទុយជាច្រើនកន្លែង ដូចជាសួនសត្វម៉ារឹយ៉ាម៉ា (Maruyama Zoo) លើកោះហុកកៃដូ, ភូមិអៃនុ (Ainu kotan Village), នៅទន្លេសាអាកាំង លើកោះហុកកៃដូ, ឧបទ្វីបអ៊ិស៊ឹ (Izu Peninsula) លើកោះហុនស៊ឹ




បន្ទាប់ពីធ្វើកំណែទម្រង់មេជិ (Meiji Restoration) កាលពីឆ្នាំប្រមាណ 1868 នៃគ.ស ដែ​ល​ប្រទេស​ជ​​ប៉ុ​នបានបើកលំហជើងមេឃស្វាគមន៍ជនជាតិលោកខាងលិច ទើបរូបភាពរបស់ទីទុយត្រូវបានណែនាំឲ្យជន​បរ​ទេសបានស្គាល់តាមទស្សនៈថ្មី ។ ទីទុយបានក្លាយជានិមិន្តសញ្ញានៃភាពឆ្លៀវឆ្លាតនិងការសិក្សាស្វែងរកចំ​ណេះដឹង ហើយក៏មានជំនឿដែរថាសត្វទីទុយជានិមិត្តសញ្ញានៃសំណាងល្អនិងការពារមនុស្សពីរឿងអព​មង្គ​ល ។



ជនជាតិជប៉ុនជឿថា អូម៉ាម៉ូរិវត្ថុស័ក្តិសិទ្ធិ អាចការពារឃុំគ្រងពីភាពអពមង្គលទាំងឡាយទាំងពួងបាន ។ ក្រៅពីនេះវាក៏ជួយបំពេញនូវសេចក្តីសុខ បំណងប្រាថ្នា ទើបជនជាតិជប៉ុននិយមយករូបសត្វធ្វើជា​និមត្តិ​សញ្ញានៃសំណាងល្អ ធ្វើជាវត្ថុស័ក្តិសិទ្ធិ ដើម្បីឲ្យក្រុមគ្រួសារមានសេចក្ដីសុខ ហើយអ្វីដែលមានជំនឿបំផុតនោះគឺធ្វើឲ្យអ្នកកាន់របស់នោះមានប្រាជ្ញាស្មារតី, រៀនពូកែ, ប្រលងជាប់បានយ៉ាងងាយ ទើបមានការនិយមនៅក្នុងសង្គមសិស្សសាលា, និសិ្សត ចំណែកចាស់ទុំតែងតែស្វែងរកមកឲ្យកូនចៅ ឬ​ធ្វើជារបស់បញ្ញើ, វត្ថុអនុស្សាវរីយសម្រាប់ក្មេងៗ (ព្រោះនៅជប៉ុនការរឿងសិក្សារៀនសូត្រ គេប្រកួតប្រជែងគ្នាយកស្លាប់យករស់ ត្រូវតែសិក្សាបន្ថែម បើចង់ប្រលងចូលមហាវិទ្យាល័យ​ដោយទទួលបានភាពជោគជ័យ) ។
ទោះនេះជាជំនឿ តែជនជាតិជប៉ុនសម័យថ្មីនៅតែដាក់វត្ថុស័ក្តិសិទ្ធិរូបទីទុយតាមខ្លួន ដោយការរចនាម៉ូដនៅសម័យនេះទំនើប, វិចិត្រ, ស្អាត, គួរឲ្យស្រលាញ់, មានច្រើនម៉ូដច្រើនសណ្ឋានពាសពេញទីផ្សារ​ ​រក​ជាវ​​បានតាមហាងទូទៅ មានធ្វើពីពីជ័រផ្លាស្ទីក, ឈើនិងលោហៈ ធ្វើជាវត្ថុស័ក្តិសិទ្ធិ,​ បន្តោងសោ, បន្តោងទូរសព្ទ, ស្រោមទូរសព្ទ, ស្ទីកក័រ, រូបចម្លាក់ ។ល។


តាមពិតទៅ ជនជាតិជប៉ុនមួយចំនួនមានទស្សនៈចំពោះសត្វទីទុយទាំងផ្នែកវិជ្ជមាននិង​អវិជ្ជមាន ដោយ​ជឿថាសត្វបិសាច នាំតែភាពអពមង្គល គ្រោះចង្រៃមកឲ្យ ។ ដោយចំណុចអវិជ្ជមាននេះដូចទស្សនៈរបស់ជនជាតិខ្មែរយើងដែរ ។







ទោះយ៉ាងណាក៏ដោយ នាពេលបន្ចុប្បន្ននេះ ការរស់នៅរបស់សត្វទីទុយនៅប្រទេសជប៉ុនកំពុងតែជួបនឹងវិបត្តិ ។ ទោះវាមានប្រយោជន៍ក្នុងការកម្ចាត់សត្វកណ្តុរបាន ក៏នៅតែលំបាកក្នុងការរស់នៅជាមួយនឹងមនុស្ស ព្រោះការដាក់សំណាញ់បាំងផ្ទះ ឬខណ្ឌស្រែចម្ការ អាចជាអន្ទាក់ផ្តាច់​ជីវិតពួកវាបាន ។ ចំណុចនេះធ្វើឲ្យជនជាតិជប៉ុន​បែកគំនិតបង្កើតព្រៃទីទុយ (Fukurou no mori) ដោយធ្វើប្រអប់ឈើជាសំបុករបស់សត្វទីទុយនៅក្នុងព្រៃ ដើម្បីឲ្យវាគិតថានោះជាសំបុករបស់វា ។ វានឹងរស់នៅក្នុងទីតាំងដែលយើងរៀបចំឲ្យ និងអាចរស់នៅជាមួយមនុស្សដែលគិតថាសត្វទីទុយជាសត្វដែលស័ក្តិសមនឹងអភិរក្សពិតប្រាកដ ដោយមិនបៀតបៀនគ្នានោះឯង ។


ប្រភពឯកសារៈវេបសាយបរទេស
ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.