Header Ads

Header ADS

បួយ


 បួយ តាមសំនៀងភាសាចិនហុកកៀន ឬ ម៉ី តាមសំនៀងភាសាចិនកុងងឺ ជាដើមឈើស្ថិតនៅក្នុងក្រុម Armeniaca ពួក Prunus និងពួករង Prunus មានឈ្មោះជាភាសាអង់គ្លេសថា Chinese plum និង Japanese apricot ឈ្មោះវិទ្យាសាស្ត្រថា Prunus mume ។

 បួយ


ចំណាត់ថ្នាក់វិទ្យាសាស្រ្ត
អាណាចក្រ
Plantae
ក្រុម
Armeniaca
(unranked)
Angiosperms
(unranked)
Eudicots
(unranked)
Rosids
លំដាប់
Rosales
អម្បូរ
Rosaceae
ពួក
Prunus
ពួករង
Prunus
ប្រភេទ
P. mume
ឈ្មោះទ្វេនាម
Prunus mume Siebold & Zucc.


មាតិកា
១.ប្រភព
២.លក្ខណៈរុក្ខសាស្រ្ត
៣.ឈ្មោះផ្សេងទៀត
៤.ពន្ធុ
៥.តម្លៃវប្បធម៌
៦.អត្ថប្រយោជន៍របស់បួយ

១.ប្រភព
បួយមានប្រភពនៅភាគខាងត្បូងប្រទេសចិន តាមដងទន្លេយ៉ាងស៊ី ក្រោយមកពូជធាររបស់វាក៏សាយភាយទៅតៃវ៉ាន់, ជប៉ុន, កូរ៉េ, វៀតណាមនិងឡាវ ។ យើងអាចប្រទះឃើញដើមបួយនៅតាមព្រៃរបោះ, ព្រៃតាមដងផ្លូវនិងជួរភ្នំ ពេលខ្លះវាដុះនៅលើដីកម្ពស់ពី ១៧០០-៣១០០ ម៉ែត្រ (៥៦០០-១០២០០ ហ្វុត) និងតំបន់បណ្ដុះកូនឈើ ។
២.លក្ខណៈរុក្ខសាស្រ្ត
ដើមបួយ




បួយជាដើមឈើជម្រុះស្លឹកនិងចេញផ្កានៅកណ្ដាលរដូវរងា ដែលជាទូទៅនៅខែមករាទៅដល់ចុងខែកុម្ភៈនៅតំបន់អាស៊ីបូព៌ា ។ វាអាចលូតលាស់ មានកម្ពស់ចាប់ពី ៤- ១០​​ម៉ែត្រ (១៣-៣៣ ហ្វុត) ។  វាងាយដាំដុះ មិនចាំបាច់មើលថែខ្លាំងពេក ព្រោះមានសត្រូវតិចនិងឲ្យផលច្រើនទៅតាមអាយុនិងទំហំដើម ដោយត្រូវការសីតុណ្ហភាពប្រហែល ៧,២ អង្សា ឬទាបជាងនេះ ហើយក៏អាចលូតលាស់បានលើដីគ្រប់ប្រភេទនិងអាចបន្តពូជបានដោយវិធី ឬកាត់ដាំ ។

ស្លឹកបួយ


ស្លឹកបួយ ចេញកញ្ចុំរាងទ្រវែងដូចពងមាន់ មានពណ៌បៃតងព្រលាំប្រផេះ គែមស្លឹករាងគន្លាក់ដូចធ្មេញរណា មានប្រវែង ៤-៨ សង់ទីម៉ែត្រ ទំហំ ២,៥​-​៥​ សង់ទីម៉ែត្រ ។

ផ្កាបួយ






ផ្កាបួយមានពណ៌ស ឬផ្កាឈូក មានក្លិនក្រអូប ទំហំ ២-២,៥ សង់ទីម៉ែត្រ  មានសរសៃពុះកណ្ដាលនិងមានផ្កាពណ៌ស, ពណ៌ផ្កាឈូកនិងក្រហមទៅតាម

ផ្លែបួយ




ផ្លែមានរាងមូលតូច ពេលខ្ចីមានពណ៌បៃតង ពេលចាស់មានពណ៌លឿង ដែលជា​ទូទៅមានសរសៃពុះកណ្ដាលប្រវែងប្រហែល ២,៥ សង់ទីម៉ែត្រ ។ សាច់មានរសជាតិជូរអែមនិងមានក្លិនក្រអូប ដោយពេលទុំ សាច់វាទន់ ចំណែកគ្រាប់របស់វារឹង ។
នៅប្រទេសជប៉ុននិងកោះតៃវ៉ាន់ ការប្រមូលផលធ្វើឡើងនៅខែមិថុនាដល់ខែសីហា ។

៣.ឈ្មោះផ្សេងទៀត
បួយ មានឈ្មោះផ្សេងទៀតនៅក្នុងភាសាអង់គ្លេសដូចជា Chinese plum និង Japanese apricot, Ume ជាភាសាជប៉ុន ឬ mume ឈ្មោះវិទ្យាសាស្រ្ត និង Mei ភាសាចិនកុកងឺ ។ ចំណែកផ្កាមានឈ្មោះថា ម៉ីហ័រ (梅花)  ជាភាសាចិនកុកងឺ ឬ plum blossom ជាភាសាអង់គ្លេស តែពេលខ្លះត្រូវបានហៅថា flowering plum និងឈ្មោះថា winter plum ក៏ត្រូវបានប្រើផងដែរ ជាពិសេសពេលរៀបរាប់ពីផ្ការីកនៅក្នុងគំនូរចិន ។
នៅក្នុងភាសាចិនកុកងឺ បួយ ត្រូវបានហៅថា ម៉ី (梅) ចំណែកផ្លែបួយហៅថា ម៉ីស៊ឺ (梅子) ឯនៅក្នុងភាសាជប៉ុន ត្រូវហៅថា អ៊ឹមិ (kanji: 梅; hiragana: うめ) ខណៈដែលភាសាកូរ៉េហៅថា មែស៊ីល (hangul: 매실; hanja: 梅實) ។
បួយ ដែលមានឈ្មោះជាភាសាជប៉ុននិងកូរ៉េគឺក្លាយមកពីភាសាចិនកុកងឺដែលបញ្ចេញសំឡេងថា muəi ។
សម្រាប់ឈ្មោះជាភាសាវៀតណាមហៅថា ម៉ី ឬ មូ ទោះ ម៉ី ជាឈ្មោះដើមឈើមួយប្រភេទទៀតគឺ Ochna integerrima ឬ hoa mai, hoàng mai (អង្គារ ឬ អង្គាលឿង ឬ អង្គារសីល ក្នុងភាសាខ្មែរ) នៅវៀតណាមខាងត្បូងក៏ដោយ ។

៤.ពន្ធុ
បួយត្រូវបានដាំដុះទូទាំងអាស៊ីបូព៌ានិងកាត់យកផ្កាសម្រាប់លម្អ ។
·         ពូជចិន
ü  នៅប្រទេសចិន បួយមានជាង ៣០០ ពូជ និងត្រូវបានបែងចែកជា ៣ ក្រុមតាមពន្ធុវិទ្យា (P.​ mume and hybrids) និងត្រូវបានចាត់ចំណាត់ថ្នាក់តាមប្រភេទរបស់មែកដូចជា Upright (直枝梅類), Pendulous (垂枝梅類) និង Tortuous (龍游梅類) និងតាមសណ្ឋានរបស់ផ្កា ។
ü  ពូជខ្លះមានភាពពិសេសដោយសារតម្លៃរបស់វា ដែលរួមមាន ហុងម៉ី (红梅), ថាយកឺម៉ី (泰格没), ចាវសួយម៉ី  (照水梅), លីអឺម៉ី (绿萼梅), ឡុងយ៉ូវម៉ី (龍游梅) និង ឈួយជឺម៉ី (垂枝梅) ។
ü  បួយជាដើមឈើដែលអាចរស់រានបានយូរ ដូច្នេះហើយទើបយើងឃើញដើមបួយបូរាណមាននៅទូទាំងប្រទេសចិន ដោយ​បួយលឿង (ហ័ងម៉ី) នៅខេត្តហឺប៉ី មានអាយុកាល ១៦០០ ឆ្នាំ (តាំងពីសម័យរាជវង្សជីនមកម្ល៉េះ) ដែលវានៅតែចេញផ្លែចេញផ្កា ។
·         ពូជជប៉ុន
ü  នៅប្រទេសជប៉ុន បួយត្រូវបានបែងចែកជាប្រភេទយ៉ាបាអ៊ិ (Yabai /ព្រៃ), ហ៊ិបាអ៊ិ (hibai /ពណ៌ក្រហម) និង បឹងហ្គោ (bungo /ខេត្តបឹងហ្គោ) ដោយ​បួយបឹងហ្គោជាពូជដែលបានមកពីការបង្កាត់បួយនិងអាព្រីតខត ដែលត្រូវបានដាំដុះសម្រាប់យកផ្លែ ។
ü  បួយហ៊ីបាអ៊ិ មានខ្លឹមពណ៌ក្រហមនិងភាគច្រើនមានផ្កាពណ៌ក្រហម ចំណែកបួយយ៉ាបាអ៊ិត្រូវបានដាំដុះសម្រាប់យកដើមប្រើប្រាស់ ។

៥.តម្លៃវប្បធម៌
ផ្កាបួយត្រូវបាននិយមនិងមានកេរ្តិ៍ឈ្មោះទូទាំងអាស៊ីបូព៌ា ។
ផ្កាបួយដែលត្រូវបានស្គាល់ជាភាសាចិនកុកងឺថា ម៉ីហ័រ (梅花) ជាផ្កាស្អាតមួយក្នុងចំណោមផ្កាស្អាតបំផុតនៅប្រទេសចិននិងតែងតែត្រូវបានយកទៅពណ៌នាក្នុងគំនូរនិងកំណាព្យចិនជាច្រើនសតវត្សរ៍មកហើយ ហើយក៏ជានិមិត្តសញ្ញានៃសិសិររដូវនិងនិទាឃរដូវផងដែរ ។
ផ្កាមានសម្រស់ស្រស់ស្អាត ព្រោះពេលរីក វារីកត្រសោមពេញដើមនារដូវរងា មានព្រិលធ្លាក់ ដើមឈរឲ្យជ្រងោបង្ហាញពីសក្ដានុពលរបស់វា និងចោលក្លិនពិដោរឈ្ងុយឈ្ងប់តាមខ្យល់ជំនោរ ។
ដោយសារផ្កាបួយរីកនៅរដូវរងា ទើបត្រូវចាត់ទុកថាជាផ្កាមួយក្នុងចំណោមផ្កាទាំងបី "Three Friends of Winter" ដែល​រួមមានស្រល់និងឫស្សី ហើយក៏ត្រូវបានចាត់ទុកផងដែរថាជាផ្កាមួយក្នុងចំណោមផ្កាទាំងបួន "Four Gentlemen" ដែល​រួមមាន កេសរកូល, គ្រីសាននិងឫស្សី និងជាផ្កាមួយក្នុងចំណោមផ្កាទាំងបួន "Flowers of the Four Seasons" ដែលមាន្េសរកូល (និទាឃរដូវ ឬរដូវស្លឹកឈើលាស់), ផ្កាឈូក (គិម្ហរដូវ ឬរដូវក្ដៅ), ផ្កាគ្រីសាន (សរទរដូវ ឬរដូវស្លឹកឈើជ្រុះ) និងផ្កាបួយ សិសិររដូវ ឬរដូវរងា) ដែលរូបភាពទាំងនេះតែងតែជួបប្រទះតាមផ្ទាំងគំនូរ កំណាព្យ អក្សរសាស្ត្រ និងមានស្នាដៃជាច្រើនទៀតរបស់ជនជាតិចិនដែលមានទូទាំងប្រទេស ។

Ø  កូរ៉េ
នៅប្រទេសកូរ៉េ ផ្កាបួយគឺជានិមិត្តរូបនៃនិទាយរដូវ ឬរដូវស្លឹកផ្ការីក ។ បួយជាផ្កាមួយក្នុងចំណោមផ្កាដែលមានការពេញនិយមនៅក្នុងការដេរប៉ាក់ ។
Maebyong ជាថូមានក្បាច់ផ្កាបួយចម្លងតាម Meiping ថូក្បាច់ផ្កាបួយតាមវប្បធម៌ចិន ។

Ø  ជប៉ុន
ផ្កាបួយ (ウメ- ume) តែងតែត្រូវបានកវីរៀបរាប់ជាញឹកញាប់ក្នុងបទកំណាព្យជប៉ុនថា ជានិមិត្តរូបនៃនិទាឃរដូវនិងពេលដែលត្រូវយកទៅប្រើក្នុងកំណាព្យជប៉ុន (Haiku ឬ Renga) បួយគឺ Kigo ឬដើមនិទាឃរដូវ ។
សម័យកាលណារ៉ា (Nara period/ឆ្នាំ៧១០-៧៩៤) រហូតដល់សម័យកាលហេអាន់ (Heian period/ឆ្នាំ៧៩៤-១១៨៥) បួយមានការពេញនិយមជាខ្លាំង ។
តាមវប្បធម៌ជប៉ុនមានជំនឿថា បួយមានតួនាទីជួយបញ្ចៀសរឿងអពមង្គល ដូច្នេះហើយទើបបួយត្រូវបានដាំដុះតាមប្រពៃណីក្នុងសួនភាគឦសាន ដែលប្រជាជនមានជំនឿថាជាប្រភពនៃរឿងអពមង្គល ហើយផ្លែបួយត្រាំក៏អាចជំនួសអាហារពេលព្រឹកបានផងដែរ ។

Ø  វៀតណាម
នៅប្រទេសវៀតណាម ដោយសារតែសម្រស់របស់ដើមនិងផ្កាបួយ ទើបពាក្យថា ម៉ី (បួយ) ត្រូវបានយកទៅដាក់ឈ្មោះឲ្យកូនស្រី ។ មន្ទីរពេទ្យធំបំផុតនៅក្រុងហាណូយមានឈ្មោះថា Bach Mai (ផ្កាបួយពណ៌ស) និងមានមន្ទីរពេទ្យផ្សេងទៀតនៅហាណូយមានឈ្មោះថា Mai Huong (ពិដោរផ្កាបួយ) ស្ថិតនៅលើផ្លូវ Hong Mai (ផ្កាបួយពណ៌ជម្ពូ), Hoang Mai (ផ្កាបួយពណ៌លឿង) ជាឈ្មោះស្រុកមួយនៅទីក្រុងហាណូយ ចំណែក Bach Mai (ផ្កាបួយពណ៌ស) ក៏ជាផ្លូវចំណាស់និងមានប្រវែងវែងនៅហាណូយ ។ ដោយទីតាំងទាំងនេះស្ថិតនៅភាគខាងត្បូងទីក្រុងហាណូយ ដែលកាលពីអតីតសម្បូរទៅដោយដើមបួយ ។

៦.អត្ថប្រយោជន៍របស់បួយ
Ø  បួយខ្មៅ
ü  បួយមានរសជាតិជូរនិងចត់អាចជួយឲ្យសួតមានសំណើម ជួយកម្ចាត់ជំងឺក្អក, ក្អកស្ងួត និងក្អករ៉ាំរ៉ៃ ។
ü  ជួយបន្ថែមជាតិទឹក, ដោះស្រាយបញ្ហាក្ដៅធម្មតា, ក្ដៅក្នុង, បំបាត់ការស្រេកទឹក ។
ü  កាត់បន្ថយជំងឺគ្រុនរងា ។
ü  ជួយផ្សះពោះវៀន, បំបាត់អាការរាករូស, រាករូសរ៉ាំរ៉ៃនិងពេលបន្ទោរបង់ លាមកមានឈាម, រាកមួលរ៉ាំរ៉ៃ ។
ü  បង្ការជំងឺឆ្លងក្នុងពោះវៀនបាន ។
ü  កម្ចាត់អៀនតេនញ៉ា ។
ü  ជួយឃាត់ឈាមបានល្អ ។
ü  បួយខ្មៅមានសារធាតុអាស៊ីម៉ាលីក, អាស៊ីតស៊ីទ្រីក, អាស៊ីតស៊ូស៊ីនីក,  ផៃតូស្តេរ៉លនិងគ្រាប់របស់វាមានជាតិប្រេង វាអាចជួយទប់ស្កាត់ការលូតលាស់របស់មេរោគផ្សេងៗបានច្រើនប្រភេទដូចជាមេរោគមួល, មេរោគរបេង, មេរោគអាសន្នរោគ, មេរោគសន្ធំ ឬជំងឺសន្ធំរាល ។

បរិមាណនិងវិធីប្រើប្រាស់ៈ ប្រហែល ៦-១២ ក្រាម ស្ងោរហើយផឹក ។
បម្រាមៈ ប្រុងប្រយ័ត្ននៅក្នុងការប្រើសម្រាប់អ្នកជំងឺដែលមានកម្ដៅនិងក្ដៅខ្លាំង ។

Ø  បួយ
ü  ជួយបន្ថែមកម្លាំង, កាត់បន្ថយអាការខ្សោះល្វើយ ព្រោះការដែលមនុស្ស​យើងមានអារម្មណ៍ហត់នឿយ គឺមកពីអាស៊ីតក្នុងឈាមឡើងខ្ពស់ ទើប​ររាងកាយមិនអាចសម្របតាមកម្រិតរបស់អំបិលបាស់បានភ្លាមៗ តែដោយសារបួយមានអំបិលបាស់តម្លៃ pH 7.35 ដែលស្រដៀងនឹងឈាម​របស់យើង ដូច្នេះហើយទើបការទទួលទានបួយ វាជួយបន្ថយកម្រិតពរបស់អំបិលបាស់បាន ។
ü  កាត់បន្ថយអាការស្រេកទឹក, កាត់បន្ថយការបាត់បង់ជាតិទឹកក្នុងរាងកាយ ។
ü  ជួយបង្ការជំងឺខ្យល់គរ សម្រាប់អ្នកដែលធ្វើការ ឬហាត់ប្រាណក្រោមកម្ដៅថ្ងៃ ដោយសារបួយ ជាពិសេសតំណាប់បួយ ឬគែមបួយ (Saladitos) មានសូដ្យូមខ្ពស់ ទើបវាជួយបន្ថែមអំបិលរ៉ែឲ្យរាងកាយ ដោយការទទួល​ទានជាមួយនឹងទឹក ដោយផឹកម្ដងមួយជិបៗ ។
ü  ជួយកាត់បន្ថយជាតិពុលនិងអាហារដែលមានជាតិពុលចំពោះរាងកាយ និងជួយជាតិអាស៊ីតនៅក្នុងក្រពះ ។
ü  ជួយកាត់បន្ថយអញ្ចាញធ្មេញហើម, ជំងឺមាត់ធ្មេញ, ដោះស្រាយបញ្ហាក្លិនមាត់ ។
ü  កាត់បន្ថយអាការក្អួតចង្អោរ ។
ü  ជួយាសម្រួលតុល្យភាពនៅក្នុងក្រពះឲ្យមានភាពរឹងមាំ ។
ü  ជួយបន្ថែមប្រព័ន្ធរំលាយអាហារ, ដោះស្រាយបញ្ហាអាហារមិនរលាយ, រាករូស ចុកសៀតណែនពោះ ។
ü  ទឹកបួយជួយព្យាបាលជំងឺរាករូសរ៉ាំរ៉ៃបាន ។
ü  ជួយបង្ការការឆ្លងរោគផ្លូវអាហារ ។
ü  ជួយកម្ចាត់អៀនតេនញ៉ានៅក្នុងពោះវៀន ។
ü  បួយជាអាហារមួយប្រភេទដែលជួយបញ្ចេញជាតិទឹកក្នុងរាងកាយ ព្រោះការទទួលទានអាហារដែលមានរសជាតិប្រៃខ្លាំង ឬហិរខ្លាំង នឹងធ្វើឲ្យការប្រព័ន្ធបញ្ចេញជាតិទឹកដំណើរការមិនសូវល្អ អាចធ្វើឲ្យកើតជំងឺដូចជា ជំងឺថង់ទឹកប្រមាត់, ជំងឺប្លោកនោមរលាក, ជំងឺហើម, ជំងឺតម្រងនោម ជាដើម ដែលការទទួលទានបួយអាចជួយកាត់បន្ថយអាការទាំងនេះបាន ។
ü  ទឹកបួយជួយប្រឆាំងនឹងមេរោគនិងផ្សិត ។
ü  ជួយកាត់បន្ថយអាការចាញ់របស់ស្រ្ដីមានផ្ទៃពោះ ។
ü  យកផ្លែបួយត្រាំទឹកអំបិលប៉ន់ ត្រងយកតែទឹកសម្រាប់ផឹកព្យាបាលរោគរដូវមកមិនទៀង ។




ប្រភពឯកសារៈវេបសាយបរទេស

ប្រភពរូបភាពៈGoogle

No comments

Theme images by merrymoonmary. Powered by Blogger.